Close

ឯកឧត្តម ប៉ែន បូណា៖ ទាំងលោក សម រង្ស៊ី ទាំងលោក អ៊ុ សំអាន គេចវេសពីការពិតហើយបង្វែរទៅរឿងផ្សេង

ដោយ៖Liching Yi | ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
ឯកឧត្តម ប៉ែន បូណា៖ ទាំងលោក សម រង្ស៊ី ទាំងលោក អ៊ុ សំអាន គេចវេសពីការពិតហើយបង្វែរទៅរឿងផ្សេង ឯកឧត្តម ប៉ែន បូណា៖ ទាំងលោក សម រង្ស៊ី ទាំងលោក អ៊ុ សំអាន គេចវេសពីការពិតហើយបង្វែរទៅរឿងផ្សេង

នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះសារឆ្លើយតបទៅកាន់ លោក សម រង្ស៊ី ដែលមានខ្លឹមសារដូចខាងក្រោម៖

ឃើញលោក សម រង្ស៊ី បង្ហោះវីដេអូមួយដែលគាត់ផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីឆ្នាំ២០១៩ ហើយដែលសារព័ត៌មានអនឡាញថៃ Top News យកទៅប្រើដើម្បីរំលេចរូបភាព (Illustrate) នៅពេលលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយពីលោក សម រង្ស៊ី។

លោក សម រង្ស៊ី និងគូកនរបស់គាត់បានយករូបភាពវីដេអូនេះមកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ថាជារូបភាពចាស់ដែលគាត់បានផ្តល់សម្ភាសន៍យូរហើយ។ ក្រុមរបស់គាត់ថែមទាំងបានចោទគេឯងថា បានយករូបភាពចាស់មកកាត់តដើម្បីវាយប្រហារលោក សម រង្ស៊ី ។

ខ្ញុំសូមបញ្ជាក់ជូនវិញថា បញ្ហាពាក់ព័ន្ធនឹងលោក សម រង្ស៊ី មិនមែនរូបភាពនោះទេ។ បញ្ហាគឺនៅត្រង់ថា លោក Nantiwat Samart បានប្រាប់សារព័ត៌មាន Top News ថា លោក សម រង្ស៊ី បាននិយាយថា៖ «ភាគីកម្ពុជាជាអ្នកបាញ់មុន…»។ នេះជាចំណុចដែលលោក សម រង្ស៊ី ត្រូវចេញមុខបញ្ជាក់។

ចំណែកវីដេអូនោះ អ្នកសារព័ត៌មានគ្រាន់តែយកមកប្រើដើម្បីបង្ហាញរូបលោក សម រង្ស៊ី តែប៉ុណ្ណោះ។អ្នកសារព័ត៌មានអាចប្រើរូបភាពណាមួយក៏បានដែលគេជ្រើសរើស មិនថារូបនោះចាស់ឬថ្មីឡើយពោលគឺជារូបឯកសារ ហើយគេដាក់ Caption/Credit photo នៅពីក្រោម។ នេះជាកិច្ចការរបស់អ្នកសារព័ត៌មានទូទៅដែលគេតែងតែធ្វើ។ ដូច្នេះ ការបង្ហាញរូបនេះហើយអះអាងថា ជារូបភាពចាស់យូរហើយដើម្បីគេចវេសពីអ្វីដែលខ្លួនត្រូវបកស្រាយមិនត្រឹមត្រូវទេហើយក៏មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាដែរ។

ជាធម្មតា ពេលមានសារព័ត៌មានណាមួយចេញផ្សាយព័ត៌មានខុសឬអ្នកណាម្នាក់និយាយប៉ះពាល់ដល់បុគ្គលណាម្នាក់ បុគ្គលរូបនោះត្រូវចេញមុខបដិសេធចោលដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួនជាពិសេសរឿងធំៗដូចករណីដែលអតីតមន្ត្រីថៃបាននិយាយពាក់ព័ន្ធលោក សម រង្ស៊ី នៅពេលនេះ។ តែហេតុអ្វីបានជាលោក សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ? នេះជាសំណួរដែលត្រូវពិចារណា។

ហេតុអ្វីទាំងលោក សម រង្ស៊ី ទាំងលោក អ៊ុ សំអាន ចេះតែគេចវេសពីការពិតហើយបង្វែរទៅរឿងផ្សេងរហូត?

ដើម្បីជម្រះរឿងនេះ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីរបស់អតីតមន្ត្រីថៃរូបនោះជាសាធារណៈ។ បើមិនបដិសេធ មានន័យថា គាត់ពិតជាបាននិយាយមែន!៕

អត្ថបទទាក់ទង