Close

ក្រសួងការបរទេស៖ កម្ពុជាបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះសេចក្តីរាយការណ៍ព័ត៌មានថ្មីៗរបស់ថៃ ដែលហាក់ចោទប្រកាន់ថាពលរដ្ឋកម្ពុជាបានឈ្លានពានទឹកដីថៃទៅវិញ

ដោយ៖Sun Dara | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
ក្រសួងការបរទេស៖ កម្ពុជាបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះសេចក្តីរាយការណ៍ព័ត៌មានថ្មីៗរបស់ថៃ ដែលហាក់ចោទប្រកាន់ថាពលរដ្ឋកម្ពុជាបានឈ្លានពានទឹកដីថៃទៅវិញ ក្រសួងការបរទេស៖ កម្ពុជាបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះសេចក្តីរាយការណ៍ព័ត៌មានថ្មីៗរបស់ថៃ ដែលហាក់ចោទប្រកាន់ថាពលរដ្ឋកម្ពុជាបានឈ្លានពានទឹកដីថៃទៅវិញ

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា កម្ពុជាបានសម្ដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹក និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចជាបង្ហាញថាប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ រាប់ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង រួមទាំងតំបន់មួយចំនួនក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនោះបានឱ្យដឹងបន្ថែមថា រឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិត នោះគឺថា ខណៈពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់ខណ្ឌសីមានៅតំបន់មួយចំនួននៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងបង្កបង្កើនផលអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន។ ការណ៍នេះបានបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នា ដែលភាគីទាំងពីរបានដោះស្រាយប្រកបដោយស្មារតីមិត្តភាព តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងបានឯកភាពបញ្ជូនបញ្ហាស្មុគស្មាញទាំងនេះទៅគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០០ (MOU-2000)។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាគោលជំហររបស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះទេ៕

អត្ថបទទាក់ទង