សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សង្រ្គាមមិនអាចបញ្ចប់ដោយការធ្វើសង្រ្គាមបានទេ!
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បទពិសោធន៍នៃសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជាបានបង្ហាញថាសង្រ្គាមមិនអាចបញ្ចប់ដោយការធ្វើសង្រ្គាមបានទេ ពោលគឺមានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាពដែលបង្កលក្ខណៈងាយស្រួល ឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរបានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់សាជាថ្មី អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយ សន្តិវិធី។
ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងនោះមាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការដ្ឋានកិច្ចការ ព្រំដែន រដ្ឋបាលខេត្តទាំង៧នៅជាប់ព្រំដែនថៃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងការការពារបូរណភាពទឹកដី ការដោះស្រាយបញ្ហាជនភៀសខ្លួន ការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការងារនេះរួមគ្នាបន្តទៀត៕