កម្ពុជាចាត់ទុកទង្វើរបស់ពលរដ្ឋថៃមួយចំនួនលើថ្នាក់ដឹកនាំកម្ពុជា ជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ និងមិនអាចទទួលយកបាន

(ភ្នំពេញ)៖ មិនយូរប៉ុន្មានបន្ទាប់ពីការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបង្ហាញពីទង្វើរបស់ពលរដ្ឋថៃមួយចំនួន ដែលបានយករូបថតរបស់សម្ដេចទៅបាញ់ស៊ីបយករង្វាន់ នៅរសៀលថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើអសីលធម៌ទាំងនោះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។
សេចក្ដីថ្លែងការណ៍ដដែលបានគូសរំលេចថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃនិងខ្មែរ មានប្រពៃណីគោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែ អំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងសូមកុំមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។
ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ទង្វើអសីលធម៌ទាំងនេះត្រូវបានប្រព្រឹត្តឡើងដោយចំហរនិងគ្មានចំណាត់ការអ្វីទាំងអស់ និងបានសម្ដែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបណ្ដែតបណ្ដោយឱ្យអំពើប្រមាថបែបនេះកើតមានដោយសេរីនៅក្នុងប្រទេសមួយនេះ។
«អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា នៅប្រទេសថៃអំពើអសីលធម៌ និងការប្រមាថគ្រប់បែបយ៉ាង ចំពោះថ្នាក់ដឹកនាំកម្ពុជាបានប្រព្រឹត្តទៅដោយចំហរ ដោយគ្មានវិធានការអ្វីទាំងអស់»។
នៅចុងបញ្ចប់នៃសេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រលាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ៕