សមាជិក សមាជិកាព្រឹទ្ធសភា បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមគ្នាជាធ្លុងមួយ តាមរយៈការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តកងកម្លាំង វីរយុទ្ធជនការពារជាតិជួរមុខ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។
ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ (៧ កក្កដា-៦តុលា ២០២៥) ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងសកម្មក្នុងការចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតី រួមគ្នាជាធ្លុងមួយ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តកងកម្លាំង វីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តនៅព្រំដែន ដោយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។
ដោយឡែកក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សកម្មភាពការទូតសភាត្រូវបានបន្តពង្រីកកាន់តែសកម្មឡើង ដើម្បីរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំពង្រឹងការងារការទូត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជា តំបន់ និងពិភពលោក ក្នុងពេលដែលសភាពការណ៍តំបន់ និងពិភពលោក កំពុងមានភាពច្របូកច្របល់ខ្លាំង និងហានិភ័យខ្ពស់ ដែលកើតចេញពីការបន្តប្រកួតប្រជែង យុទ្ធសាស្ត្រ-ភូមិសាស្ត្ររបស់ប្រទេសមហាអំណាច ភាពតានតឹងនៃជម្លោះ ការរីកសាយនៃសង្គ្រាម ក្នុងតំបន់មួយចំនួននៅលើពិភពលោក និងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយភាគីថៃ។
នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោម តាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ៕