Close

កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ២៥ លាននាក់ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបាន ២០៥ ពាន់តោន ក្នុងឆ្នាំ២០៣៥

ដោយ៖Sun Dara | ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ២៥ លាននាក់ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបាន ២០៥ ពាន់តោន ក្នុងឆ្នាំ២០៣៥ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ២៥ លាននាក់ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបាន ២០៥ ពាន់តោន ក្នុងឆ្នាំ២០៣៥

(ភ្នំពេញ)៖ តាមរយៈសរាចរស្ដីពី «ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ បានគូសបញ្ជាក់ថា កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ២៥ លាននាក់ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបាន ២០៥ ពាន់តោន ក្នុងឆ្នាំ២០៣៥។

បើតាមសម្ដេចធិបតី ការនេះនឹងចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

«កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា ព្រះរាជាណាចក្រកម្ពុជានឹ ជានឹងមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ចំនួន២៥ (ម្ភៃប្រាំ) លាននាក់និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន២០៥ (ពីររយប្រាំ) ពាន់តោននៅ ឆ្នាំ២០៣៥ ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួង-ស្ថាប័នស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ ត្រូវរៀបចំទិវាអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខតាមលទ្ធភាព លើការរៀបចំពិធីតាំងពិព័រណ៍អាកាសចរណ៍ ការរៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សិស្សនិងនិស្សិតនៃគ្រឹះស្ថានអប់រំ រៀបចំកម្មវិធីឃោសនាអប់រំស្ដីពីការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល និងចូលរួមផ្សព្វផ្សាយទិវាអាកាសចរណ៍ស៊ីវិលនេះទៅតាមលទ្ធភាពរៀងៗខ្លួន៕