Close

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចេញញត្តិថ្កោលទោសចំពោះទង្វើរបស់ប្រជាជនថៃមួយចំនួនដែលបានប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន

ដោយ៖Sun Dara | ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចេញញត្តិថ្កោលទោសចំពោះទង្វើរបស់ប្រជាជនថៃមួយចំនួនដែលបានប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចេញញត្តិថ្កោលទោសចំពោះទង្វើរបស់ប្រជាជនថៃមួយចំនួនដែលបានប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចេញញត្តិថ្កោលយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ប្រជាជនថៃមួយចំនួនដែលបានធ្វើការវាយប្រហារ ប្រមាថ និងគ្មានការគោរពចំពោះសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ ដែលនេះជាទង្វើមិនអាចទទួលយកបាន មានលក្ខណៈអសីលធម៌និងអគុណធម៌ដោយចាត់ទុកថា ជាអំពើថោកទាបខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ។

ការប្រមាថចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើឥស្សរជនកំពូល ដែលជាវីរបុរសជាតិ អគ្គមគ្គុទេសក៍ឯក បិតាស្ថាបនិកសន្តិភាព ដែលបានធ្វើពលិកម្មតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ក្នុងការរំដោះជាតិ មាតុភូមិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុតនៅក្នុងទំព័រប្រវត្តិសាស្រ្តនៃមនុស្សជាតិ។ ការប្រព្រឹត្តទង្វើដ៏អាក្រក់បែបនេះ គឺពិតជាបានធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាប្រមុខឥស្សរជនកំពូលកម្ពុជា និងបង្ហាញពីការមិនគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ ព្រមទាំងប៉ះពាល់ដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជានិងថៃ ក្នុងនាមជាសមាជិកអាស៊ាននិងសហគមន៍អន្តរជាតិ៕