នៅថ្ងៃនេះកងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ បានបន្តឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ដូចការគម្រាមទុករបស់ភាគីថៃ ដែលធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ខ្លួននឹងប្រើប្រាស់កងកម្លាំងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយនៅរសៀលថ្ងៃនេះ កងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ ប្រដាប់ដោយឧបករណ៍រាវមីន និងប្រើគ្រឿងចក្រដើម្បីចូលមកឈូសឆាយដី និងបន្តធ្វើសកម្មភាពទន្ទ្រាន និងឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស និងការរឹបអូសយកផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភ បំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាពិសេសរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ (GBC) ក៏ដូចជា លទ្ធផលនៃកិច្ចប្រជុំ (RBC) រវាងយោធភូមិភាគកម្ពុជានិងថៃនាពេលកន្លងមក។
ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់យោធាថៃកន្លងមកនោះដែរ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ តុលា ក៏បានអំពាវនាវសារជាថ្មីដល់ភាគីថៃឱ្យបង្ហាញសុឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់ដោយប្រើយន្តការទ្វេភាគីដែលមានស្រាប់ រួមមាន JBC-GBC-RBC និងអនុលោមតាម អនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិជាធរមាន៕