កម្ពុជា-ឡាវប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ៧០០លានដុល្លារអាមេរិកត្រឹមឆ្នាំ២០៣០
នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាពក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាមនិងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងជំនួបការងារ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ៧០០លានដុល្លារអាមេរិកត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះ, ក្នុងកិច្ចការថាមពល, ប្រមុខរដ្ឋាភិបាលទាំងពីរបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានានូវសន្តិសុខថាមពលរវាងប្រទេសទាំងពីរផងដែរ។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក។ ក្នុងន័យនេះ, កម្ពុជាអាចដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ប្រទេសទីបីដោយឆ្លងកាត់ប្រទេសឡាវ ឯប្រទេសឡាវក៏អាចចាត់ទុកកម្ពុជាជាច្រកផ្លូវដឹកជញ្ជូនទំនិញពីប្រទសឡាវទៅកាន់ទីផ្សារអន្តរជាតិដោយឆ្លងកាត់កម្ពុជានិងប្រើប្រាស់ផែសមុទ្រកម្ពុជាស្របតាមយុទ្ធសាស្ត្រប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ (landlocked) ទៅជាប្រទេសដែលមានការតភ្ជាប់ (land-linked)។
ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងក្នុងគ្រប់កម្រិតនាពេលកន្លងមកស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងនិងបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តធ្វើការឱ្យបានជិតស្និទ្ធដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីយន្តការនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀតជាពិសេសលើ៖ នយោបាយ-ការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ, ធនាគារ, កសិកម្ម, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កិច្ចការព្រំដែន, ការពារជាតិនិងសន្តិសុខ, ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕




