តើអ្វីទៅជានយោបាយទឹក ដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០០០?
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន តាមរយៈបណ្តាញសង្គម បានផ្ញើសារអបអរសាទរខួបលើកទី២៦ ទិវានយោបាយទឹក (ថ្ងៃទី៤ ខែមីនា ឆ្នាំ២០០០-ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
បើតាមសារនៅក្នុងបណ្តាញសង្គមរបស់អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាស្ថានិកនៃទិវានយោបាយទឹក បានបញ្ជាក់ថា ទិវានយោបាយទឹក គឺជាទិវាជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៤ ខែមីនា ដើម្បីលើកកម្ពស់ការគ្រប់គ្រង ប្រើប្រាស់ និងអភិរក្សធនធានទឹកកសិកម្មឱ្យមានប្រសិទ្ធភាព។ ទិវានេះផ្តោតលើការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការពារទឹកស្អាត និងការអភិវឌ្ឍប្រព័ន្ធស្រោចស្រព។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០០០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវ «នយោបាយទឹក» ក្នុងឱកាសសម្ពោធប្រព័ន្ធធារាសាស្ត្រស្ទឹងច្បារមន នៅខេត្តកំពង់ស្ពឺ។
ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នយោបាយទឹកនេះមានគោលបំណងផ្លាស់ប្តូរតំបន់ដែលធ្លាប់តែមានសង្គ្រាម មកជាតំបន់ផលិតកម្មកសិកម្ម កាត់បន្ថយការពឹងផ្អែកលើទឹកភ្លៀងធម្មជាតិ និងបង្កើនផលិតភាពស្រូវ កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ទឹកដល់កសិករដើម្បីធ្វើស្រែបាន២ទៅ៣ ដងក្នុងមួយឆ្នាំ។
ផ្អែកតាមចក្ខុវិស័យវែងឆ្ងាយនេះដែរ ក្នុងរយៈពេលជាង ២ទសវត្សរ៍នេះ កម្ពុជាបានសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ដោយផ្ទៃដីស្រោចស្រព កើនឡើងរាប់លានហិកតា ដែលអនុញ្ញាតឱ្យកម្ពុជានាំចេញអង្ករបានរាប់សែនតោនក្នុងមួយឆ្នាំៗ។ នយោបាយទឹក បានក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទរបស់កម្ពុជាដែលបានប្រែក្លាយពីការធ្វើស្រែប្រថុយប្រថានតាមមេឃ មកជាការគ្រប់គ្រងទឹកដោយខ្លួនឯង ដែលជាគ្រឹះនៃឯករាជ្យភាពស្បៀងអាហារសម្រាប់ជាតិនិងការនាំចេញ៕




