ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ធ្វើបទបង្ហាញជូនអង្គទូតអំពីការអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ធ្វើបទបង្ហាញជូនអង្គទូតអំពីការអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលរៀបចំការធ្វើបទបង្ហាញជូនអង្គទូតនិងអង្គការអន្តរជាតិប្រចាំកម្ពុជាអំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ បទបង្ហាញនេះត្រូវបានដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរដល់ស្ថានបេសកកម្មបរទេសនិងដៃគូទាំងអស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមបានគូស បញ្ជាក់អំពីការកើនឡើងនៃភាពស្មុគស្មាញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលលាតសន្ធឹងហួសពីព្រំដែន ប្រទេសក៏ដូចជាធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខសាធារណៈនិងកេរ្តិ៍ឈ្មោះប្រទេសជាតិ។ ឯកឧត្តមបានធ្វើការពន្យល់អំពីការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេសដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវលទ្ធផលសំខាន់ៗព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់និងភាពពាក់ព័ន្ធនៃច្បាប់ថ្មីដែលទើបតែអនុម័ត។ ច្បាប់ថ្មីនេះដាក់ទោសទណ្ឌយ៉ាងតឹងរ៉ឹងចំពោះជនល្មើសនិងជាឧបករណ៍គ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពមួយសម្រាប់អាជ្ញាធរអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអះអាងថា ការអនុវត្តច្បាប់ថ្មីនេះនឹងមានភាពរឹងមាំ មានតម្លាភាពនិងស្របតាមនីតិវិធីត្រឹមត្រូវព្រមទាំងធានាបាននូវការការពារពេញ លេញក្រោមច្បាប់នេះសម្រាប់អ្នកដែលសហការជាមួយអាជ្ញាធរ ក៏ដូចជាជនរងគ្រោះពិតប្រាកដនិងម្ចាស់អចលនទ្រព្យស្លូតត្រង់ផងដែរ។ ឯកឧត្តមបានពន្យល់អំពីបញ្ហាប្រឈមផ្នែកបច្ចេកទេសជាច្រើនដែលប្រទេសកម្ពុជាកំពុងប្រឈមនិងបានគូសអញ្ជាក់ពីកិច្ចខិតខំប្រឹង ប្រែងរបស់កម្ពុជាក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីដោះស្រាយវិធីសាស្ត្រឧក្រិដ្ឋកម្មកំពុងវិវត្ត រួមមាន ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រព័ន្ធកូដនីយកម្ម (encrypted platforms ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ឆ្លងដែននិងគម្រោងវិនិយោគក្លែងបន្លំជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងការឆបោកដែលផ្អែកលើប្រព័ន្ធបច្ចេកវិទ្យានេះនៅតែជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ហើយឯកឧត្តមក៏បានសម្តែងនូវទំនុកចិត្តថាដោយមានកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជា។ ឯកឧត្តមបានស្នើឱ្យដៃគូអន្តរជាតិជួយបន្តការគាំទ្រផ្នែកកសាង សមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋខ្លួន៕




