ខឿនការពារជាតិកម្ពុជា៖ ឯកភាពជាខែល ការទូតជាអាវុធ
នៅក្នុងទស្សនវិជ្ជានយោបាយអន្តរជាតិសម័យទំនើប ការប្រឈមរវាងប្រទេសធំនិងប្រទេសតូចមិនត្រូវបានកំណត់តែដោយកម្លាំងយោធាទេ ប៉ុន្តែពឹងផ្អែកយ៉ាងខ្លាំងលើ “ស្មារតីជាតិ” និង “ការយល់ឃើញរបស់ប្រជាពលរដ្ឋ”។ សម្រាប់ប្រទេសតូចដូចកម្ពុជា កត្តាទាំងនេះកាន់តែមានសារៈសំខាន់ ព្រោះវាជាមូលដ្ឋានសម្រាប់ការការពារអធិបតេយ្យភាព និងស្ថេរភាពជាតិ។
នៅពេលប្រទេសមួយរងសម្ពាធពីខាងក្រៅ គោលដៅដំបូងមិនមែនតែទឹកដីទេ ប៉ុន្តែជាចិត្តសាស្ត្ររបស់ប្រជាជន។ ការបំបាក់ស្មារតី អាចនាំឲ្យមានការបែកបាក់ផ្ទៃក្នុង ដែលជាចំណុចខ្សោយធំបំផុតរបស់ប្រទេសជាតិ។ ដូច្នេះ “ឯកភាពជាតិ” មិនមែនជាគំនិតអរូបីទេ ប៉ុន្តែជាខែលការពារដ៏រឹងមាំ ដែលអាចទប់ទល់នឹងសម្ពាធពីខាងក្រៅបាន។
ឯកភាពជាតិ ត្រូវបានកសាងឡើងពីការជឿទុកចិត្តរវាងប្រជាជន និងរដ្ឋាភិបាល។ នៅពេលសង្គមអាចរួមបញ្ចូលជាសំឡេងតែមួយ ការភ័យខ្លាចនឹងត្រូវកាត់បន្ថយខណៈសត្រូវខាងក្រៅនឹងបាត់បង់ឱកាសប្រើយុទ្ធសាស្ត្រ “បំបែកហើយគ្រប់គ្រង”។ ប្រទេសតូចអាចខ្សោយផ្នែកធនធាន ប៉ុន្តែមិនអាចខ្សោយក្នុងការបង្កើតសាមគ្គីភាពជាតិបានឡើយ។
យ៉ាងណាមិញ ឯកភាពតែមួយមុខ មិនគ្រប់គ្រាន់សម្រាប់ឈ្នះការប្រឈមនោះទេ។ វាត្រូវការការដឹកនាំដែលមានទស្សនវិស័យច្បាស់លាស់ និងយុទ្ធសាស្ត្រដែលផ្អែកលើការអត់ធ្មត់ និងហេតុផល។ ក្នុងបរិបទនេះ ការជឿទុកចិត្តលើថ្នាក់ដឹកនាំបានក្លាយជាគន្លឹះសំខាន់។ មេដឹកនាំដែលជ្រើសរើសការគោរពច្បាប់អន្តរជាតិ ជំនួសឲ្យការឆ្លើយតបដោយអារម្មណ៍ នឹងអាចបង្កើតភាពស្របច្បាប់ និងទាក់ទាញការគាំទ្រពីសហគមន៍អន្តរជាតិបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងសម័យដែល “អំណាចទន់” កំពុងកើនឡើង ការប្រើប្រាស់ច្បាប់អន្តរជាតិ និងការទូតមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ។ ប្រទេសដែលអាចបង្ហាញខ្លួនថាគោរពច្បាប់ និងគាំទ្រសន្តិភាព នឹងទទួលបានអត្ថប្រយោជន៍យុទ្ធសាស្ត្រយ៉ាងច្បាស់នៅលើឆាកអន្តរជាតិ។
ជាក់ស្តែង កម្ពុជាបានប្រើការទូតជាឧបករណ៍ស្នូល ក្នុងការគ្រប់គ្រងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ កម្ពុជាបានលើកបញ្ហាទៅអន្តរជាតិ អង្គការសហប្រជាជាតិ បណ្តាប្រទេសនិងវេទិការASEAN ដើម្បីបង្កើនសម្ពាធអន្តរជាតិ និងទប់ស្កាត់សកម្មភាពជាឯកតោភាគីរបស់ថៃ។ ជាមួយគ្នានេះ ក៏បន្តប្រើយន្តការចរចាទ្វេភាគី និងគណៈ កម្មការព្រំដែនរួម (JBC) ដើម្បីរកដំណោះស្រាយយូរអង្វែងផងដែរ។
លទ្ធផលនៃយុទ្ធសាស្ត្រនេះ គឺអាចទប់ស្កាត់ការកើនឡើងទៅជាសង្គ្រាមជាថ្មី បន្តការចរចា និងធានាថាកម្ពុជាត្រូវបានមើលឃើញថាជាប្រទេសគោរពច្បាប់អន្តរជាតិ។ ទោះបីបញ្ហាមិនទាន់ដោះស្រាយចប់ ក៏ការគ្រប់គ្រងវិបត្តិបានយ៉ាងមានប្រសិទ្ធភាពក្នុងការចៀសផុតពីការផ្ទុះសង្គ្រាមជាថ្មីផងដែរ។
យ៉ាងណាក៏ដោយកម្លាំងការពារជាតិមិនមែនមានតែផ្នែកនយោបាយ និងការទូតទេ ប៉ុន្តែការរួមគ្នាលើកស្ទួយសេដ្ឋកិច្ចជាតិក៏ជាការកត្តាសំខាន់ផងដែរ។ មនសិការជាតិនិយមរបស់ប្រជាជនកម្ពុជា ដូចជាការជំរុញឲ្យមានការគាំទ្រផលិតផលក្នុងស្រុកដែលមិនត្រឹមតែជាការគាំទ្រអ្នកផលិតខ្មែរទេ ប៉ុន្តែក៏ជាការបង្ហាញពីមោទនភាពជាតិ និងការពង្រឹងអធិបតេយ្យភាពជាតិផ្នែកសេដ្ឋកិច្ចក្នុងស្ថានភាពដែលសេដ្ឋកិច្ចសកលមិនមានភាពច្បាស់លាស់។
ផ្ទុយទៅវិញ ការបែកបាក់ផ្ទៃក្នុង គឺជាអំពើគ្រោះថ្នាក់បំផុតសម្រាប់ជាតិ។ ប្រទេសណាដែលខ្វះការសាមគ្គីភាពជាតិនោះ ទោះមានធនធានច្រើនប៉ុណ្ណាក៏ដោយ ក៏អាចក្លាយជាប្រទេសដែលងាយរងគ្រោះ និងការជ្រៀតជ្រែកពីខាងក្រៅបានយ៉ាងងាយស្រួលដែរ។
ដោយសារតែហេតុនេះ សម្រាប់ប្រទេសតូចដូចកម្ពុជា “ឯកភាពជាតិ” មិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ចដែលប្រជាជនគ្រប់រូបត្រូវមាន។ ការរួមសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជន ការដឹកនាំដែលមានទិសដៅច្បាស់ និងប្រើប្រាស់ការទូតយ៉ាងឆ្លាតវៃ និងប៉ិនប្រសព្វគឺជាគន្លឹះសម្រាប់ការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ។
និយាយជារួម អំណាចពិតរបស់ប្រទេសមិនស្ថិតនៅលើចំនួនអាវុធ ឬទំហំទឹកដីទេ ប៉ុន្តែគឺស្ថិតនៅលើសមត្ថភាពក្នុងការរួបរួមគ្នាជាកម្លាំងជាតិឲ្យក្លាយជាអំណាចតែមួយ។ ប្រទេសតូចអាចឈរយ៉ាងរឹងមាំបាន ប្រសិនបើមាន ការឯកភាពជាតិជាមូលដ្ឋាន។
ដូច្នេះ សំណួរដែលសំខាន់មិនមែនថា “យើងមានអាវុធប៉ុន្មាន” នោះទេ ប៉ុន្តែគឺយើងត្រូវសួរខ្លួនឯងថាតើ “មានការឯកភាពគ្នាខ្លាំងប៉ុណ្ណា”។ ព្រោះនៅក្នុងពិភពនយោបាយ សំឡេងដែលរួមគ្នា មានទិសដៅច្បាស់លាស់ និងមានការគ្រប់គ្រងបានល្អ នោះហើយជាអាវុធដ៏មុតស្រួច និងមានអំណាចបំផុតសម្រាប់ការពារជាតិ និងអនាគតរបស់ជាតិបាន។
ស្មារតីឯកភាពជាតិ សាមគ្គីគ្នាជាធ្លុងមួយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលថ្នាក់ដឹកនាំប្រទេស គ្រប់ក្រសួងស្ថាប័ន និងប្រជាជនទូទៅត្រូវបន្តពង្រឹង និងចូលរួមគ្រប់សកម្មភាព ដើម្បីទប់ទល់ តតាំងជាមួយមហិច្ឆតាឈ្លានពានរបស់ប្រទេសជិតខាង និងក៏ជាកម្លាំងសរុបដែលត្រូវតែច្របាច់បញ្ចូលគ្នា តស៊ូ ពលិកម្មជាមួយគ្នាគ្រប់តំណាក់កាល ។ នោះហើយ «ជាជញ្ជាំងដ៏រឹងមាំដែលជាខឿនការពារជាតិរបស់កម្ពុជា» ហើយចាំបាច់ត្រូវតែបន្តពង្រឹង និងពង្រីកកិច្ចការការទូតឱ្យកាន់តែសកម្មទ្វេដង ដែលកាតព្វកិច្ចដ៏ចម្បងនេះគឺជាកម្លាំងចលករ ដើម្បីធានានូវជ័យជម្នះ ប្រកបដោយកិត្តិយស និងស្ថិរភាពនយោបាយជាតិស្ថិតស្ថេរគង់វង្ស ៕
ដោយ៖ ឥន្ទ ខេមរៈ



