Close

ក្នុងជំនួបជាមួយទូតហ្វីលីពីនចប់អាណត្តិ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនូវគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ

ដោយ៖Liching Yi | 15 ម៉ោងមុន កម្ពុជាថ្ងៃនេះ
ក្នុងជំនួបជាមួយទូតហ្វីលីពីនចប់អាណត្តិ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនូវគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងជំនួបជាមួយទូតហ្វីលីពីនចប់អាណត្តិ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនូវគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងឱកាសទទួលជួបសម្ដែងការគួរសមនិងជម្រាបលាជាមួយលោកជំទាវ ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាដែលចប់អាណត្តិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដោយសម្ដេចបានពន្យល់ទៅកាន់លោកជំទាវអគ្គរដ្ឋទូតហ្វីលីពីន ដោយបញ្ជាក់ជាថ្មីនូវជំហរថា កម្ពុជាគឺប្រកាន់យកនូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិនិងផ្អែកទៅលើយន្តការដែលមានស្រាប់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក។

ពាក់ព័ន្ធនឹងការលើកឡើងពីបញ្ហាព្រំដែននោះដែរ ត្រូវបានលោកជំទាវអគ្គរដ្ឋទូតហ្វីលីពីន បញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

នៅក្នុងឱកាសនោះដែរ លោកជំទាវឯកគ្គរដ្ឋទូតហ្វីលីពីន បានលើកឡើងថា ក្នុងអាណត្តិរបស់លោកជំទាវកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងរវាងកម្ពុជានិងហ្វីលីពីនកាន់តែរីកចម្រើន ហើយជាពិសេស គឺតាមរយៈការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ហើយកម្រិតនៃការផ្លាស់ប្ដូរទំនាក់ទំនងផ្នែកទស្សនកិច្ចនេះ បានកើតឡើងជាញឹកញាប់ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរមានភាពរឹងមាំ។

បន្ថែមពីលើនេះ លោកជំទាវក៏បានលើកឡើងទៀត ទាក់ទងទៅនឹងទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលកម្ពុជា និងហ្វីលីពីនកំពុងតែបោះជំហានទៅមុខជាមួយគ្នាក្នុងការពង្រីក នូវពាណិជ្ជកម្ម ទន្ទឹមនឹងការបង្កើននូវការពង្រីកនូវទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែមានភាពសកម្មហើយលោកជំទាវបានលើកឡើងថាហ្វីលីពីនចាប់អារម្មណ៍ទៅលើផលិតផលកសិកម្មរបស់កម្ពុជា ហើយសង្ឃឹមថា ទំហំនៃការនាំចេញនឹងមានការកើនឡើងបន្តទៀតហើយ លោកជំទាវបានបញ្ជាក់ជម្រាបសម្ដេចតេជោថា ប្រទេសកម្ពុជាគឺជាគោលដៅដ៏ចាប់អារម្មណ៍មួយសម្រាប់ប្រជាជនហ្វីលីពីនក្នុងការមកទស្សនានៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានពេញចិត្តចំពោះការលើកឡើងក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយនឹងទំនាក់ទំនងដ៏ល្អនៅក្នុងផ្នែកនយោបាយរវាងប្រទេសទាំងពីរហើយសម្ដេចចាត់ទុកថា សេដ្ឋកិច្ច ពាណិជ្ជកម្មនេះ ជាស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន បន្ថែមពីនេះ សម្ដេចសង្ឃឹមថា ផលិតផលកសិកម្ម និងការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ជាពិសេស គឺអង្ករនឹងបន្តកើនឡើងជាបន្តទៀត។ សម្ដេចតេជោក៏បានជំរុញបន្ថែមទៀត ឱ្យមានការពង្រីកនូវជើងហោះហើររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងក្នុងទិសដៅដើម្បីឲ្យប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ កាន់តែមានភាពសកម្មក្នុងការពង្រីកនូវចំណងមិត្តភាពប្រជាជន និងប្រជាជន ជាពិសេសគឺតាមរយៈការទៅទស្សនាប្រទេសនីមួយៗទៅវិញទៅមក៕

អត្ថបទទាក់ទង