ប្រធានក្រុមហ៊ុន CMEC កោតសរសើរពីស្ថិរភាពនយោបាយនិងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាដែលផ្ដល់ទំនុកចិត្តខ្ពស់សម្រាប់ការវិនិយោគ
ប្រធានក្រុមហ៊ុន CMEC កោតសរសើរពីស្ថិរភាពនយោបាយនិងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាដែលផ្ដល់ទំនុកចិត្តខ្ពស់សម្រាប់ការវិនិយោគ
យោងតាមការបង្ហោះផ្សាយក្នុងបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជិន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) បានកោតសរសើរថាកម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយនិងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកត្តានេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឱ្យក្រុមហ៊ុនមានភាពកក់ក្ដៅ និងទំនុកចិត្តខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែលបានចាប់ផ្ដើមបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ ដោយផ្ដោតសំខាន់លើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិរាវ (LNG) នៅខេត្តកោះកុងហើយលោកប្រធានក្រុមហ៊ុនបានសម្ដែងនូវភាពរីករាយ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ និងឯករាជ្យភាពផ្នែកថាមពលរបស់កម្ពុជា នាពេលអនាគត។
បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីបំណងក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យថាមពល និងវិស័យកសិកម្មនិងបានបញ្ជាក់ថាក្រុមហ៊ុនកំពុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិនដើម្បីកៀរគរក្រុមហ៊ុនទាំងនោះមកស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតី ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសនានា ក៏ដូចជាភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុក ក្នុងការវិនិយោគលើវិស័យថាមពល LNG នេះ។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា វិស័យថាមពល គឺជាវិស័យគន្លឹះដ៏មានសារៈសំខាន់ ហើយការធានាឱ្យបាននូវសន្តិសុខថាមពល ជាកិច្ចការចាំបាច់ដែលមិនអាចខ្វះបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យថាមពលនៅកម្ពុជា មិនត្រឹមតែសម្រាប់ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឈានទៅដល់ការផ្គត់ផ្គង់ទៅកាន់បណ្ដាប្រទេសសមាជិកអាស៊ានផងដែរ តាមរយៈគោលនយោបាយបណ្ដាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ផងដែរ៕




