ផលប្រយោជន៍យុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ក្នុងបរិបទអន្តរជាតិ និងជម្លោះព្រំដែនកម្ពុជា-ថៃ
ផលប្រយោជន៍យុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ក្នុងបរិបទអន្តរជាតិ និងជម្លោះព្រំដែនកម្ពុជា-ថៃ
មិនមែនជាការផ្លាស់ប្តូរតួនាទីធម្មតានៅលើឆាកការទូតទេ ប៉ុន្តែជាការផ្លាស់ទីរបស់កម្ពុជា ពី “អ្នកទទួលផលនៃសន្តិភាព” ទៅជា “អ្នកចូលរួមកំណត់សន្តិភាព” នៅក្នុងប្រព័ន្ធអន្តរជាតិ។ ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព The Board of Peace ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump មិនត្រឹមតែជាការពង្រឹងភាពឈរជើងនយោបាយរបស់កម្ពុជាទេ ប៉ុន្តែថែមទាំងជាវេទិកាថ្មីមួយ សម្រាប់ដោះស្រាយ និងបញ្ជ្រាបសម្លេងកម្ពុជា ទៅក្នុងបញ្ហាជម្លោះព្រំដែនជាមួយថៃ ដោយប្រើសន្តិវិធី និងច្បាប់អន្តរជាតិជាមូលដ្ឋាន
ផលប្រយោជន៍យុទ្ធសាស្ត្រដែលកម្ពុជាអាចទទួលបាន ពេលចូលរួមជា សមាជិក The Board of Peace គឺ៖ ទី១ ការលើកកម្ពស់ស្ថានភាព និងភាពទុកចិត្តរបស់កម្ពុជានៅលើឆាកអន្តរជាតិ ទី២ ការបង្កើនឥទ្ធិពលការទូតក្នុងតំបន់និងអន្តរជាតិ និង ទី៣ ការប្រើវេទិកាសន្តិភាពអន្តរជាតិ ដើម្បីគាំទ្រដំណោះស្រាយយុត្តិធម៌ សម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ការចូលរួមក្នុង The Board of Peace អាចផ្លាស់ប្តូររូបភាពនយោបាយរបស់កម្ពុជា ពីប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងជម្លោះផ្ទៃក្នុងរាំរ៉ៃអស់ជាច្រើនទស្សវត្សទៅជាប្រទេសដែលមានបទពិសោធន៍សន្តិភាព និងអាចចែករំលែកមេរៀនសន្តិភាពដល់សហគមន៍អន្តរជាតិ និងការផ្តល់ឱកាសឱ្យកម្ពុជាអាចពង្រឹងភាពទុកចិត្តពីមហាអំណាច និងអង្គការអន្តរជាតិក្នុងនាមជារដ្ឋដែលគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី បង្កើនអំណាចទន់តាមរយៈការចូលរួមកំណត់របៀបវារៈសន្តិភាព និងការពារជម្លោះ និងទាក់ទាញការគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ពីដៃគូអន្តរជាតិ ដែលមើលឃើញកម្ពុជាថាជាប្រទេសមានតួនាទីជាអ្នកស្ថាបនិកកសាងសន្តិភាពមួយនៅក្នុងពិភពលោក។
The Board of Peace ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក អាចបង្កើតវេទិកាដែលកម្ពុជាអាចពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយទីក្រុងវ៉ាស៊ីនតោនបាន ហើយកម្ពុជាអាចប្រើវេទិកានេះ ដើម្បីបង្ហាញថា៖ កម្ពុជាគាំទ្រប្រព័ន្ធអន្តរជាតិដោយផ្អែកលើច្បាប់ បង្កើនការជឿទុកចិត្តពីសហរដ្ឋអាមេរិក អាចនាំឱ្យមានការគាំទ្របន្ថែម ក្នុងវិស័យការទូត សន្តិសុខ និងសេដ្ឋកិច្ច ដែលមានអត្ថន័យយូរអង្វែងសម្រាប់កម្ពុជា។
កម្ពុជានឹងមានផលប្រយោជន៍ផ្ទាល់ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ដោយការប្រើ The Board of Peace ជាវេទិកាអន្តរជាតិ ដើម្បីបង្កើន “នយោបាយសន្តិភាព” របស់កម្ពុជា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ មានន័យថា កម្ពុជាអាចបង្ហាញខ្លួនជាប្រទេសដែលស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងយន្តការពហុភាគី ការបង្កើនការយល់ដឹង និងការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ លើស្ថានភាពព្រំដែនដែលកំពុងស្ថិតនៅក្នុងសភាពផុយស្រួយក្នុងការផ្ទុះសង្គ្រាមជាថ្មីម្តងទៀតនិងការកាត់បន្ថយការប្រើយុទ្ធសាស្ត្របង្កសង្គ្រាមឈ្លានពានឬជាតិនិយមជ្រុលរបស់យោធាថៃមកលើកម្ពុជា។
ការចូលជាសមាជិក The Board of Peace មិនមែនគ្រាន់ជានយោបាយទេ ប៉ុន្តែជាឧបករណ៍យុទ្ធសាស្ត្រដែលកម្ពុជាអាចប្រើដើម្បីពង្រឹងអំណាចទន់ បង្កើនភាពទុកចិត្តអន្តរជាតិ និងគាំទ្រដំណោះស្រាយយុត្តិធម៌ សម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ ហើយកម្ពុជាអាចប្រើវេទិកាចូលរួមក្នុង The Board of Peace នេះឲ្យក្លាយទៅជា ជំហានមួយក្នុងការបម្លែងសន្តិភាពអរូបី ឲ្យទៅជាឧបករណ៍ការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិបានយ៉ាងមានប្រសិទ្ធភាពនៅពេលខាងមុខ៕
ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

