ពេលវេលាដល់ហើយ៖ គណៈរដ្ឋមន្ត្រីថ្មីរបស់អានុទីន ជាប់កាតព្វកិច្ចវិលមកតុចរចា JBC ជាមួយកម្ពុជាវិញដើម្បីបន្តដោះស្រាយបញ្ហាព្រំដែន
ពេលវេលាដល់ហើយ៖ គណៈរដ្ឋមន្ត្រីថ្មីរបស់អានុទីន ជាប់កាតព្វកិច្ចវិលមកតុចរចា JBC ជាមួយកម្ពុជាវិញដើម្បីបន្តដោះស្រាយបញ្ហាព្រំដែន
ក្នុងនយោបាយអន្តរជាតិ គ្មានអ្វីដែលគេហៅថា “ការរង់ចាំគ្មានទីបញ្ចប់” ទេ។ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺមិនមែនជាការលេងល្បែងសាកល្បងស្មារតី ឬសាកល្បងអំណាចនយោបាយទេ ប៉ុន្តែជាបញ្ហាអធិបតេយ្យភាព និងសន្តិសុខជាតិ ដែលត្រូវការការដោះស្រាយយ៉ាងច្បាស់លាស់ តាមផ្លូវច្បាប់ ទាំងយន្តការទ្វេរភាគីនិងយន្តការអន្តរជាតិនៅពេលចាំបាច់ ហើយថៃត្រូវតែគោរពពាក្យសម្តីដែលបានសន្យានៅក្រោយពេលបោះឆ្នោតកន្លងទៅ។ ក្នុងបរិបទនេះ ការចាប់ផ្តើមប្រជុំឡើងវិញនៃគណៈកម្មាធិការព្រំដែនរួម (JBC) មិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាកាតព្វកិច្ច។
ការស្ងប់ស្ងាត់និងរកលេសពន្យារពេលម្តងហើយម្តងទៀតជាបន្តបន្ទាប់របស់ភាគីថៃដោយយកហេតុផលថាមិនទាន់បង្កើតរដ្ឋាភិបាលរួចរាល់ ក្នុងការចូលរួមប្រជុំ JBC នោះ មិនត្រឹមតែបង្ហាញពីភាពខ្វះឆន្ទៈនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការសង្ស័យអំពីគោលបំណងពិតប្រាករបស់ថៃថែមទៀតផង។ តើការមានចេតនាគេចវេសពីតុចរចា JBC ជាមួយកម្ពុជា គឺជាវិធីសាស្ត្រមួយដើម្បីរក្សាស្ថានភាពមិនឲ្យច្បាស់លាស់ ដើម្បីអនុញ្ញាតឱ្យមានការលេងល្បែងយុទ្ធសាស្ត្រនៅលើបញ្ហាព្រំដែនជាមួយកម្ពុជាឬ? បើជាករណីបែបនេះ វាមិនមែនជាការប្រព្រឹត្តទៅតាមស្មារតីជាមិត្តភាព និងសហប្រតិបត្តិការល្អឬទេ ផ្ទុយទៅវិញវានឹងបង្ហាញកាន់តែច្បាស់ប្រាប់ពិភពលោកថា មុខមាត់របស់ថៃត្រូវធ្លាក់ចុះដល់បាត ហើយប្រឡាក់ដោយទង្វើស្មោកគ្រោក គឺជាការបន្តល្បិចកលឈ្លានពានទឹកដីកម្ពុជា ដោយមិនអាចប្រកែកបានឡើយ។
តាមពិតទៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់រួចមកហើយនូវជំហរដែលមានការទំនួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិ ដោយគាំទ្រឥតងាករេនូវការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការសន្តិភាព ដោយឈរលើស្មារតីជាប្រទេសដែលគោរពច្បាប់អន្តរជាតិ និងឯកសារប្រវត្តិសាស្ត្ររួមមានទាំងផែនទីបារាំង-សៀម អនុសញ្ញា សន្ធិសញ្ញាអន្តរជាតិ និង MOU ២០០០ ឬហៅថា MOU ៤៣ ដែលប្រទេសទាំងពីរធ្លាប់បានចុះហត្ថលេខាឯកភាពគ្នានិងបានបន្តអនុវត្តលើកិច្ចការវាស់វែងខ័ណ្ឌសីមាព្រំដែនគោកប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមករួចមកហើយ។ ការអំពាវនាវរបស់ភាគីកម្ពុជាម្តងហើយម្តងទៀត ឲ្យបន្តកិច្ចប្រជុំ JBC ឡើងវិញ គឺជាភស្តុតាងមួយបញ្ជាក់ថា កម្ពុជាមិនចង់ឲ្យបញ្ហាព្រំដែនអូសបន្លាយឲ្យក្លាយទៅជាចំណុចក្តៅនយោបាយ ឬជាឆ្នួនផ្ទុះសង្គ្រាមនៅតាមព្រំដែនជាថ្មីបន្តទៀតឡើយ។
ផ្ទុយទៅវិញ ប្រសិនបើថៃបន្តយុទ្ធសាស្ត្រពន្យារពេល ឬគេចវេសពីការចរចា វាអាចនាំឲ្យមានផលវិបាកជាច្រើនសម្រាប់ប្រទេសទាំងពីរ។ មិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ភាពជាអ្នកដឹកនាំក្នុងតំបន់របស់ប្រទេសថៃផងដែរ។ ក្នុងអាស៊ាន ដែលផ្អែកលើគោលការណ៍សន្ទនា និងកិច្ចសហប្រតិបត្តិការ ការមិនមានចេតនាក្នុងការចរចា គឺស្មើនឹងការបដិសេធចំពោះតម្លៃសហគមន៍អន្តរជាតិ ព្រោះបញ្ហាជម្លោះព្រំដែនពេលនេះមិនមែនស្ថិតនៅត្រឹមកម្រិតតែទ្វេរភាគីទៀតទេ ដោយសារតែជម្លោះនេះត្រូវបានទទួលដឹងលឺក៏ដូចជាការចូលពាក់ព័ន្ធពីបណ្តាលប្រទេសជាច្រើនរួមមានទាំងប្រទេសទាំងអស់នៅក្នុងប្លុកអាស៊ាន និងសហរដ្ឋអាមេរិក ដោយប្រទេសទាំងនោះបានយល់យ៉ាងច្បាស់អំពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជាថៃនេះ។ ប្រព័ន្ធផ្សព្វផ្សាយធំៗ កំរិតអន្តរជាតិដូចជា Reuters , Fox News និង France 24 កន្លងមកក៏ធ្លាប់បានដឹងនិងចុះផ្សាយការពិតនៃអំពើឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាពីសំណាក់យោធាថៃរួចមកហើយ តាមរយៈការលាតត្រដាងនូវភស្តុតាង រូបភាព និងសកម្មភាពទន្ទ្រានចូលជ្រៅមកក្នុងទឹកដីកម្ពុជារបស់យោធាថៃ ការរាយលួសបន្លា ដាក់ទូរកុងតឺន័រ និងឈូសឆាយ បំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិរដ្ឋ និងឯកជន និងការបំពានផ្សេងៗជាច្រើនទៀតនៅតាមតំបន់ព្រំដែន និងភូមិកររបស់ប្រជាពលរដ្ឋកម្ពុជា ។
ទោះបីជាអំពើទាំងនេះ បានប្រាសចាកពីគោលការណ៍ដែលមានចែងក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ កាលពីចុងខែធ្នូឆ្នាំ២០២៥ក្តី ប៉ុន្តែការត្រឡប់មកតុចរចា JBC នឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនការជឿជាក់ឡើងវិញ និងស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់រយៈពេលយូរអង្វែងទៅអនាគត។ យ៉ាងណាមិញវេទិកានេះក៏ជាឱកាសដែលអាចបំភ្លឺបញ្ហាព្រំដែនដោយផ្អែកលើផែនទី ច្បាប់ និងការពិតប្រវត្តិសាស្ត្រ ដែលមិនមែនផ្អែកលើអារម្មណ៍ឬសម្ពាធនយោបាយក្នុងប្រទេសណាមួយទេ។
ក្នុងន័យនេះ រដ្ឋាភិបាលថៃគួរតែសួរខ្លួនឯងថា តើការពន្យារពេលនេះក្នុងចេតនាអ្វីឱ្យពិតប្រាកដ? តើវាបង្កើនភាពជឿជាក់របស់ប្រទេសថៃក្នុងក្រភ្នែកអន្តរជាតិដែរឬទេ? ឬកំពុងបង្ហាញពីភាពមិនប្រាកដប្រជានៅក្នុងការទទួលខុសត្រូវលើបញ្ហាសំខាន់ៗរបស់ជាតិ?
សម្រាប់កម្ពុជាបានបញ្ចេញសារច្បាស់ណាស់គឺថា៖ ទ្វារនៃតុចរចាតាមយន្តការទ្វេរភាគីនៅតែបើកចំហសម្រាប់ប្រទេសថៃនៅឡើយស្របពេលដែលយន្តការអន្តរជាតិក៏ស្ថិតក្នុងសិទ្ធិពេញលេញរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការស្វែងរកការពិត យុត្តិធម៌ និងដំណោះស្រាយបញ្ហាអរិភាពព្រំដែន ដែលនឹងធានានូវព្រំដែនសន្តិភាពរឹងមាំច្បាស់លាស់។ ដូច្នេះ ពេលវេលាដល់ហើយសម្រាប់ថៃក្នុងការបញ្ចប់យុទ្ធសាស្ត្រពន្យារពេល ដោយសម្អាងលើការរង់ចាំនៃការរៀបចំរដ្ឋាភិបាលថ្មីរបស់ខ្លួន ហើយពេលនេះការត្រូវបង្ហាញឆន្ទៈនយោបាយឲ្យបានច្បាស់លាស់ តាមរយៈការចូលរួមកិច្ចប្រជុំ JBC ជាមួយកម្ពុជាឡើងវិញ គឺជាការសម្រេចចិត្តដែលមិនអាចពន្យាពេលតទៅទៀតឡើយ ។
បើថៃពិតជាគោរពសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង នោះមិនមានហេតុផលណាមួយបង្កើតលេសក្នុងការពន្យារពេលជាថ្មីទៀតទេ ហើយ បញ្ហាព្រំដែនក៏មិនមែនជាកន្លែងសម្រាប់លេងល្បែងនយោបាយដើម្បីទទួលបានប្រជាប្រិយភាពពីក្រុមជាតិនិយមជ្រុលរបស់ខ្លួននោះដែរ ប៉ុន្តែវាជាបន្ទាត់ដែលត្រូវបានកំណត់ដោយការយល់ព្រម និងការគោរពគ្នារវាងប្រទេសទាំងពីរដោយសុចរិតបំផុត។
ដោយសារតែបញ្ហាព្រំដែនមិនមែនជារឿងតូចតាច និងមិនអាចទុកឲ្យស្ថិតក្នុងភាពមិនច្បាស់លាស់យូរអង្វែងទៀតបាន ការត្រឡប់មកប្រជុំ JBC គឺជាជំហានតែមួយដែលមានហេតុផល និងមានទំនួលខុសត្រូវខ្ពស់សម្រាប់ភាគីថៃ។ ការពន្យារពេលមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតភាពអស្ថិរភាពដែលអាចរីករាលដាលទៅកាន់តំបន់ទាំងមូលផងដែរ។
ក្នុងន័យនយោបាយ វាជាពេលវេលាដែលថៃត្រូវបង្ហាញភាពជាដៃគូចាស់ទុំ ត្រូវមានសីលធម៌ សេចក្តីថ្លៃថ្នូ និងការទទួលខុសត្រូវ មិនមែនជាភាគីដែលចង់បង្កសង្គ្រាមឬគេចវេសពីតុចរចាទេ។ ការចូលរួមកិច្ចប្រជុំ JBC មិនមែនជាការធ្វើសម្បទានឲ្យកម្ពុជាទេ ប៉ុន្តែជាការគោរពច្បាប់អន្តរជាតិ និងការពារប្រយោជន៍រយៈពេលវែងរបស់ខ្លួនឯងផងដែរ។
ចុងក្រោយនេះ ប្រសិនបើថៃពិតជាចង់ឲ្យបញ្ហាព្រំដែនបញ្ចប់ដោយសន្តិភាព និងមានភាពច្បាស់លាស់ មានតែវិធីមួយប៉ុណ្ណោះ គឺត្រឡប់មកតុចរចាវិញ។ ពេលវេលាមិនទាន់យឺតពេកទេ ប៉ុន្តែមិនគួរឲ្យយឺតបន្តទៀតឡើយ មុនពេលដែលកម្ពុជាចាប់យកយន្តការអន្តរជាតិ ដែលថៃខ្លួនឯងធ្លាប់ទទួលបានលទ្ធផលនិងមានបទពិសោធន៏រួចមកហើយកាលពីឆ្នាំ១៩៦២៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ



