Close

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ច្រានចោលព័ត៌មានប្រឌិតរឿងបិទច្រកជើងហោះហើរចូលកម្ពុជានិងរឹតត្បិតទិដ្ឋាការជនបរទេស

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ច្រានចោលព័ត៌មានប្រឌិតរឿងបិទច្រកជើងហោះហើរចូលកម្ពុជានិងរឹតត្បិតទិដ្ឋាការជនបរទេស អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ច្រានចោលព័ត៌មានប្រឌិតរឿងបិទច្រកជើងហោះហើរចូលកម្ពុជានិងរឹតត្បិតទិដ្ឋាការជនបរទេស

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីបំភ្លឺព័ត៌មានឆ្លើយតបចំពោះការចុះផ្សាយព័ត៌មាន ជាភាសាចិននៅលើ បណ្តាញសង្គម We Chat ដែលបានធ្វើការផ្សព្វផ្សាយក្រោមចំណងជើងថា អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញបានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះ អាសន្នហើយច្រកព្រំដែនគោកក៏នឹងត្រូវរឹតបន្តឹងខ្លាំងដូចគ្នាចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងខ្លឹមសារនៃអត្ថបទក៏បានបន្ថែមទៀតថា៖ បុគ្គលអាយុក្រោម៤០ឆ្នាំទាំងអស់នឹងត្រូវបដិសេធមិនឲ្យចូលប្រទេសមិនថាប្រុសឬស្រីទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។

ពាក់ព័ន្ធនឹងការចុះផ្សាយបំភ្លៃខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតខាងលើ មន្ត្រីនគរបាល អន្តោប្រវេសន៍ មិនដែលទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំណាមួយក្នុងការរឹតបន្តឹងហាមឃាត់មនុស្សដែលមានអាយុក្រោម៤០ឆ្នាំ មិនអោយចូលមកប្រទេសកម្ពុជានោះទេ។

បច្ចុប្បន្នអនុវត្តតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ការរឹតបន្តឹងការចូលប្រទេសរបស់ជនបរទេសមកក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុវត្តតាមវិធានការសុវត្ថិភាពនិងការពង្រឹងការគ្រប់គ្រងជនបរទេសក្នុងគោលបំណងទប់ ស្កាត់ការជ្រៀតចូលដោយខុសច្បាប់របស់ជនបរទេសតែប៉ុណ្ណោះ ចំពោះភ្ញៀវទេសចរបរទេស សមាគមអ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសនៅតែទទួលបានការគាំពារ ការលើកទឹកចិត្តក្នុងការចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនមានការបិទការធ្វើដំណើរចេញ-ចូល ដូចការលើកឡើងខាងលើទេ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបន្ថែមថា តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសំខាន់ៗទាំងផ្លូវអាកាស និងផ្លូវគោក គឺនៅបន្តបែបបទនៃការចូល-ចេញប្រទេសជាធម្មតាមិនមានការផ្លាស់ប្តូរណាមួយឡើយដែលធ្វើអោយមានការរាំងស្ទះដល់ការធ្វើដំណើរចូល-ចេញ ព្រះរាជាណាចក្រកម្ពុជានោះទេ។

ទន្ទឹមនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានផ្តល់ការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិន ដែលធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៦ ខាងមុខនេះ៕

អត្ថបទទាក់ទង