សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងសារជាថ្មី អំពីអត្ថប្រយោជន៍នៃព្រែកជីកហ្វូណនតេជោ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោយពេលដែលគម្រោងប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» ធ្វើរួចរាល់ជាស្ថាពរ រាជរដ្ឋាភិបាលនឹងបន្តធ្វើការស្ដារ និងពង្រីកប្រព័ន្ធផ្លូវទឹកបន្ថែមទៀត ដើម្បីភ្ជាប់ព្រែកជីកនេះទៅកាន់បណ្ដាខេត្តនានា ដូចជាខេត្តកំពង់ឆ្នាំង ឬខេត្តក្រចេះ ជាដើម ហើយការតភ្ជាប់នេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងបម្រើឱ្យការដឹកជញ្ជូនផលិផលកសិកម្មពីបណ្ដាខេត្តមករក្សាតម្លៃប្រកួតប្រជែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (Kims Rubber) នៅខេត្តត្បូងឃ្មុំ។
ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលចំណេញយ៉ាងមហាសាលសម្រាប់សេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត តាមរយៈរួមមាន៖
១. វិស័យដឹកជញ្ជូន៖ កាត់បន្ថយថ្លៃដើម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ
២. វិស័យកសិកម្ម៖ ដើរតួជាប្រព័ន្ធធារាសាស្ត្រដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ទឹកដល់ដីកសិកម្មរាប់លានហិកតានៅតាមបណ្ដោយព្រែកជីក
៣. ការអភិវឌ្ឍន៍៖ បង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មបន្ថែមទៀតនៅតាមខ្សែទឹក។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើមើលក្នុងរយៈពេលវែង សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺយើងចំណេញច្រើនណាស់ ព្រោះវានឹងជួយជ្រោមជ្រែងដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងការដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា។ ហើយសមិទ្ធផលទាំងនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងឯករាជ្យលើវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ខ្លួន៕



