Close

ការកែទម្រង់វិស័យជលផល៖ ពង្រឹងការអភិរក្ស បង្កើនផលិតកម្ម និងធានាអនាគតសន្តិសុខស្បៀង

ដោយ៖Liching Yi | ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ ទស្សនៈ-នយោបាយ
ការកែទម្រង់វិស័យជលផល៖ ពង្រឹងការអភិរក្ស បង្កើនផលិតកម្ម និងធានាអនាគតសន្តិសុខស្បៀង ការកែទម្រង់វិស័យជលផល៖ ពង្រឹងការអភិរក្ស បង្កើនផលិតកម្ម និងធានាអនាគតសន្តិសុខស្បៀង

នៅពេលនិយាយអំពីវិស័យជលផល មនុស្សជាច្រើនតែងគិតត្រឹមតែជាការចាប់ត្រី ឬការបង្ក្រាបបទ​ល្មើស​នេ​សាទ។ ប៉ុន្តែខ្លឹមសារនៃការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក​ ហ៊ុន ម៉ាណែត ក្នុងឱកាស​ទិវាមច្ឆជាតិនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញ​ថា រាជរដ្ឋាភិបាលកំពុងមើលវិស័យនេះ​ក្នុងក្របខណ្ឌ​យុទ្ធសាស្ត្រដែលទូលំទូលាយជាងនេះ គឺមិន​មែន​ត្រឹមតែជាការការពារធនធានត្រីប៉ុណ្ណោះទេ ប៉ុន្តែជាការធានាដល់សន្តិសុខស្បៀង ការបង្កើនប្រាក់ចំណូលប្រជា​ពល​រដ្ឋ ការអភិរក្សបរិស្ថាន និងការ​កសាងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពថែមទៀតផង​។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីបានបង្ហាញយ៉ាងច្បាស់ថា ការគ្រប់គ្រងវិស័យជលផលមិនមែនជាវិធានការ​ដាច់​ដោយឡែកទេ ប៉ុន្តែជាផ្នែកមួយនៃចក្ខុវិស័យចំបង ដែលភ្ជាប់ជាមួយគោលនយោបាយជាតិ​អភិវឌ្ឍ​វិស័យ​កសិកម្ម ឆ្នាំ២០២២-២០៣០។ នេះមានន័យថា រាជរដ្ឋាភិបាលកំពុងបង្កើតភាពប្រទាក់ក្រឡាគ្នា​រវាង​កសិកម្ម ជលផល បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងសន្តិសុខស្បៀង ជាជាងដោះស្រាយ​បញ្ហាជាផ្នែកៗ។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គោល​នយោបាយ និងផែនការយុទ្ធសាស្ត្រជាច្រើនត្រូវបានដាក់ចេញ ចាប់តាំងពីការកែទម្រង់វិស័យជលផល ការលុបឡូត៍នេសាទ ការបង្កើតសហគមន៍នេសាទ ការជំរុញវារី​វប្បកម្ម រហូតដល់ការគ្រប់គ្រង​តំបន់​អភិរក្ស និងការស្តារប្រព័ន្ធអេកូឡូស៊ី។ ការលើកឡើងនូវគោល​នយោ​បាយ​ទាំងនេះ បង្ហាញថា រាជរដ្ឋា​ភិ​បាល​កំពុងបន្តលើមូលដ្ឋាននៃការកែទម្រង់ដែលមានស្រាប់ ដោយ​ពង្រឹង​ការអនុវត្តឱ្យកាន់តែមាន​ប្រសិទ្ធ​ភាពជាងមុន។

ចំណុចដែលលេចធ្លោមួយទៀត គឺការដាក់ចេញនូវការអនុវត្តច្បាប់ជាស្នូលនៃការអភិរក្សធនធាន​ជល​ផល។ ជាក់ស្តែង បន្ទាប់ពីមានការបង្ក្រាបបទល្មើសនេសាទយ៉ាងតឹងរឹងក្នុងរយៈពេលពីរឆ្នាំកន្លងមក ដោយ​មាន​ការចូលរួម​ពីកងកម្លាំងប្រដាប់អាវុធ ផលត្រីបានកើនឡើងគួរឱ្យកត់សម្គាល់​និងទទួលការ​សារទ​​​ពី​ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដូច្នេះនេះជាការបង្ហាញថា ការអនុវត្តច្បាប់អាចបង្កើតជាលទ្ធ​ផល​ជាក់​ស្តែង​ទៅលើការស្តារធន​ធានធម្មជាតិឡើងវិញបានហើយ។

ក្នុងន័យនេះ ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធមិនត្រូវបានបង្ហាញថាជាជម្រើសអចិន្ត្រៃយ៍ទេ ប៉ុន្តែជា​វិធាន​ការបណ្តោះអាសន្ន ដើម្បីបំពេញចន្លោះសមត្ថភាពរបស់មន្ត្រីជំនាញ។ ការបញ្ជាក់របស់នាយក​រដ្ឋ​មន្ត្រី​ថា មិនចង់ប្រើកងទ័ព ប៉ុន្តែត្រូវតែធ្វើដោយសារកម្លាំងជំនាញនៅមានកម្រិត នេះជាសារបញ្ជាក់ថា គោល​បំណង​សំខាន់​គឺការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ មិនមែនជាការធ្វើឱ្យវិស័យជលផលក្លាយ​ជា​បញ្ហា​​​សន្តិសុខ​នោះ​ឡើយ។

ទន្ទឹមនឹងការបង្ក្រាបបទល្មើស រាជរដ្ឋាភិបាលក៏បានផ្តោតលើការកាត់បន្ថយឬសគុល​នៃការបំផ្លាញធន​ធាន​ធម្មជាតិផងដែរ។ ការណែនាំឱ្យស៊ើបអង្កេតរកអ្នកបំផុសប្រជាពលរដ្ឋឱ្យប្រើឧបករណ៍ឆក់ត្រី បង្ហាញ​ថា បញ្ហា​មិនស្ថិតនៅត្រឹមអ្នកប្រព្រឹត្តិបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែអាចមានបណ្តាញ ឬអ្នកនៅពីក្រោយ ដែលជំរុញ​ឱ្យកើតមានសកម្មភាពខុសច្បាប់។ វិធីសាស្ត្របែបនេះមានន័យថា រាជរដ្ឋាភិបាលកំពុងព្យា​យាម​​ដោះ​ស្រាយ​ទាំង “អ្នកអនុវត្ត” និង “អ្នកបំផុស” ក្នុងពេលតែមួយ។

លើសពីការការពារ រាជរដ្ឋាភិបាលក៏ផ្តោតសំខាន់លើការបង្កើតប្រភពផលិតថ្មី។ ការជំរុញវារីវប្បកម្ម ការ​ស្រាវ​​ជ្រាវបច្ចេកទេស ការផលិតពូជត្រីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងការពង្រឹងសមាគមវារីវប្បករ បង្ហាញ​​ពី​ការផ្លាស់ប្តូរពីការពឹងផ្អែកលើធនធានធម្មជាតិ ទៅរកការបង្កើនផលិតកម្មតាមបច្ចេកវិទ្យា។ នេះ​ជា​ទិសដៅដែលអាចជួយកាត់បន្ថយការនាំចូលផលិតផលជលផល បង្កើនប្រាក់ចំណូលអ្នកចិញ្ចឹមត្រី និង​ពង្រីកសមត្ថភាពនាំចេញក្នុងរយៈពេលវែង។

ម្យ៉ាងវិញទៀត ការលើកឡើងរបស់នាយករដ្ឋមន្ត្រីក៏បានឆ្លុះបញ្ចាំងពីការយល់ឃើញថា ការអភិរក្ស​ជល​ផល មិនអាច​បំបែកចេញពីការគ្រប់គ្រងដីធ្លី និងប្រព័ន្ធអេកូឡូស៊ីបានឡើយ។ ការពន្លឿនចុះបញ្ជីដីរដ្ឋ​នៅតំបន់អភិរក្ស ការពារព្រៃលិចទឹក និងព្រៃកោងកាង ព្រមទាំងការជំរុញដាំព្រៃឡើងវិញ គឺជាការ​បង្ហាញ​ពីទស្សន​វិស័យ​ដែលមើលឃើញថា ធនធានត្រីអាស្រ័យដោយផ្ទាល់លើគុណភាពជម្រកធម្មជាតិ។ ប្រសិន​បើជម្រក​បាត់​បង់ ទោះបង្ក្រាបបទល្មើសខ្លាំងប៉ុណ្ណា ក៏ធនធានជលផលនឹងមិនអាចស្តារឡើងវិញ​បាន​ដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀត គឺការលើកឡើងថា ការអនុវត្តច្បាប់មិនមែនដើម្បីកាត់ផ្តាច់ជីវភាព​ប្រជាពលរដ្ឋទេ ប៉ុន្តែដើម្បីការពារផលប្រយោជន៍រយៈពេលវែងរបស់ពួកគេ។ សារនេះមានន័យថា ការ​អភិរក្ស និងការអភិវឌ្ឍមិនមែនជាគោលដៅផ្ទុយគ្នាទេ ប៉ុន្តែគឺជាការបំពេញឲ្យគ្នាទៅវិញទៅមក។ ប្រសិន​បើ​ធនធាន​ធម្ម​ជាតិ​ត្រូវបានបំផ្លាញ អ្នកដែលរងផលប៉ះពាល់មុនគេ គឺប្រជានេសាទ និង​សហ​គ​មន៍​ដែល​ពឹង​ផ្អែកខ្លាំងលើ​ធន​ធានទាំងនេះដោយផ្ទាល់។ ជារួម នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបង្ហាញពីទស្សនវិស័យដែលមិន​កំណត់​ត្រឹម​ការ​ដោះស្រាយបញ្ហាបច្ចុប្បន្នទេ ប៉ុន្តែផ្តោតលើការកសាងមូលដ្ឋានរឹងមាំសម្រាប់អនាគតរបស់ជាតិ​។ ការរួម​បញ្ចូល​គ្នា​រវាងការអនុវត្តច្បាប់ ការអភិរក្សធនធាន ការជំរុញបច្ចេកវិទ្យា ការអភិវឌ្ឍវារីវប្បកម្ម និងការ​ចូលរួម​របស់​សហគមន៍ បង្ហាញពីគំរូគ្រប់គ្រងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ​ប្រកបដោយចក្ខុវិស័យ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ប្រសិនបើការណែនាំទាំងនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមពីគ្រប់ភាគីនោះ​អាច​​​រួមចំណែកធ្វើឱ្យវិស័យជលផលកម្ពុជា មិនត្រឹមតែអាចជាការការពារធនធានសម្រាប់មនុស្សជំនាន់​ក្រោយ​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែថែមទាំងក្លាយជាមូលដ្ឋានសំខាន់មួយសម្រាប់សន្តិសុខស្បៀង កំណើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសផងដែរ៕

ដោយ៖ ឥន្ទ ខេមរៈ

អត្ថបទទាក់ទង