សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចសកលនិងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិជាពិសេសការបង្កសង្រ្គាមរំលោភបំពានយ៉ាងកំរោលរបស់ថៃលើបូរណភាពទឹកដីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចសកលនិងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិជាពិសេសការបង្កសង្រ្គាមរំលោភបំពានយ៉ាងកំរោលរបស់ថៃលើបូរណភាពទឹកដីកម្ពុជា
នៅក្នុងសារលិខិតក្នុងឱកាសខួបទី៤៧នៃទិវាជ័យជម្នះ ៧មករា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ប្រជាជនកម្ពុជា បានរួមសាមគ្គីគ្នាពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ស្តារនិងកសាងមាតុភូមិឡើងវិញជាជំហានៗពីគំនរផេះផង់ សម្រេចបានសមិទ្ធផលធំៗជាប្រវិត្តសាស្រ្តយ៉ាងច្រើនប្រកបដោយមោទនភាពហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យនិងអភិវឌ្ឍន៍។
នៅក្នុងសារលិខិតដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការសម្រេចបាន ជោគជ័យនានា ប្រទេសជាតិយើងនៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគ្រស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពលមកលើដំណើរអភិវឌ្ឍន៍របស់ជាតិយើង។ ជាពិសេសប្រទេសថៃ បានបង្កសង្រ្គាម រំលោភបំពានកម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនក្រោមលេសការ ពារសន្តិសុខនិងអធិបតេយ្យរបស់ថៃ។
នៅក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា នៅក្នុងសកម្មភាពរំលោភបំពាននេះ កងយោធាថៃបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតនៅក្នុងទីតាំងលើដែន អធិបតេយ្យរបស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ៕




