Close

នាវាចម្បាំងរុស្ស៊ីចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី

ដោយ៖Liching Yi | 3 ម៉ោងមុន កម្ពុជាថ្ងៃនេះ
នាវាចម្បាំងរុស្ស៊ីចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី នាវាចម្បាំងរុស្ស៊ីចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី

យោងតាមការបង្ហោះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅព្រឹកនេះ មាននាវាចម្បាំងរុស្ស៊ីចំនួន ២គ្រឿង ឈ្មោះ Sovershenny លេខ៣៣៣ និងឈ្មោះ Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាននាវិកសរុបប្រមាណ ២៦២នាក់ ដែលនឹងសំចតនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ការមកដល់របស់នាវាចម្បាំងរុស្ស៊ីទាំងពីរគ្រឿងនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន៦០នាក់ ដោយមានការចូលរួមពីឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងតែប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនងរបស់ខ្លួន។ ជាមួយគ្នានោះផងដែរ តាមការគ្រោងទុក ក្នុងឱកាសនៃការសំចតនាវានេះ កងទ័ពជើងទឹកកម្ពុជា និងរុស្ស៊ី ក៏នឹងមានការប្រកួតបាល់ទាត់មិត្តភាពផងដែរ៕