ព្រឹត្តិការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ បង្ហាញឲ្យឃើញកាន់តែច្បាស់នូវសាមគ្គីភាពជាតិមួយរឹងមាំដូចដែកថែប
យោងតាមសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ បានគូសរំលេចឱ្យឃើញថា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះ មានបញ្ហាវិបត្តិសេដ្ឋកិច្ចសកលផង និងរួមទាំងបញ្ហាព្រឹត្តិការណ៍ជម្លោះព្រំដែនខ្មែរ ថៃផងដែរ ដែលការណ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភ និងកាន់តែប្រុងប្រយ័ត្នខ្ពស់។ បរិការណ៍នេះ បង្ហាញឱ្យយើងឃើញកាន់តែច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពតំបន់ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កេតឃើញអំពីការប្រកាន់យកនូវមនសិការជាតិនិយមដ៏ឧត្តុង្គឧត្តមរបស់បងប្អូនជនរួម ឈាមខ្មែរទាំងអស់ ដោយបានសម្តែងឱ្យឃើញនូវសាមគ្គីភាពជាតិមួយរឹងមាំដូចដែកថែប រវាងប្រជាជននិងប្រជាជន ប្រជាជននិងរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ព និងលើសពីនេះការលើកកម្ពស់ផលិតផលខ្មែរ បានក្លាយជា ការងារដែលកាន់តែមានន័យជាងមុន ព្រោះវាជាការបង្ហាញពីសមត្ថភាពក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចដោយខ្លួនឯង និងការការពារអធិបតេយ្យភាពសេដ្ឋកិច្ចក្នុងពេលមានភាពមិនច្បាស់លាស់នៅក្នុងតំបន់។
ក្នុងសារលិខិត ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ទិវាជាតិលើកម្ពស់ផលិតផលខ្មែរ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចធិបតី បានបញ្ជាក់ថា ក្រោយសង្គ្រាម និងការបែកបាក់ជាតិអស់ជាច្រើនទសវត្សរ៍ កម្ពុជាបានចាប់ផ្តើមដំណើរស្តារឡើងវិញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវការប្តេជ្ញាចរចាសន្តិភាព ធ្វើឱ្យមាននូវកិច្ចព្រមព្រៀង នយោបាយ និងការរួបរួមជាតិ ជាពិសេសបាននាំមកនូវការត្រឡប់ឡើងវិញនៃ «ព្រះរាជាណាចក្រកម្ពុជា» ជាលើកទី២ ក្រោយពីត្រូវបានលុបបំបាត់ដោយរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលបច្ចុប្បន្នមាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងគង់ប្រថាប់ជាព្រះស្វេតច្ឆត្រ ដ៏ត្រជាក់ត្រជំ និងកក់ក្តៅសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ជាមួយគ្នានោះ គោលនយោបាយ «ឈ្នះ ឈ្នះ» របស់ សម្តេចតេជោ ដែលផ្តល់អាទិភាពដល់ការអត់ឱន ការធានាសុវត្ថិភាព និងការរួមបញ្ចូលគ្នា បានធ្វើឱ្យ កម្ពុជាបញ្ចប់សង្គ្រាមស៊ីវិលជាផ្លូវការ និងក្លាយជាចំណុចប្រវត្តិសាស្ត្រដ៏សំខាន់ដែលបានបើកផ្លូវឱ្យកម្ពុជាចូលទៅ កាន់សករាជថ្មីនៃសន្តិភាពនិងការអភិវឌ្ឍ។
ក្នុងសារលិខិត បានឱ្យដឹងទៀតថា ការកំណត់បាននូវសន្តិភាពយ៉ាងរឹងមាំនេះ កម្ពុជាបានធ្វើការអភិវឌ្ឍខ្លួនយ៉ាងលឿន តាមរយៈការអនុវត្តយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្ត ចតុកោណទាំ៤ ដំណាក់កាល និងបានក្លាយជាប្រទេសមួយដែលគេទទួលស្គាល់ថា ជាប្រទេសមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតមួយក្នុងតំបន់អាស៊ី។ សមិទ្ធផលដ៏ធំធេងទាំងនេះ ក៏បានក្លាយទៅជាមូលដ្ឋានគ្រឹះបន្តទៀតសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើការអភិវឌ្ឍលើគ្រប់វិស័យ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយមានយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ធ្វើជាគន្លងផ្លូវ។
ក្នុងក្របខ័ណ្ឌមហិច្ឆតាធ្វើឱ្យផលិតផលក្នុងស្រុកក្លាយទៅជាកម្លាំងសេដ្ឋកិច្ចជាតិដ៏រឹងមាំ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ក៏បានកំណត់នូវយុទ្ធសាស្ត្រមួយចំនួនដែលផ្តោតលើការកែលម្អគុណភាព និងស្តង់ដា ផលិតផល ការបង្កើតឱ្យមានទីផ្សារថ្មីដែលមានលក្ខណៈសមស្របទៅនឹងពាណិជ្ជកម្មសម័យថ្មី ការលើកកម្ពស់ សមត្ថភាពផលិតដល់សហគ្រាសធុនតូចនិងមធ្យម ការគាំទ្រផ្នែកឥណទានដល់សហគ្រាសក្នុងស្រុក ការបង្កើតនូវ ប្រព័ន្ធអត្តសញ្ញាណផលិតផលខ្មែរ និងការបង្កើតឱកាសផ្សព្វផ្សាយផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ៕




