តើសម្ដេចធិបតី ឆ្លើយតបដូចម្ដេច ជុំវិញការបកស្រាយខុសនូវឃ្លា «ប្រែក្លាយការដាំស្រូវនៅខេត្តស្វាយរៀង ទៅជាដាំរោងចក្រ»?
តើសម្ដេចធិបតី ឆ្លើយតបដូចម្ដេច ជុំវិញការបកស្រាយខុសនូវឃ្លា «ប្រែក្លាយការដាំស្រូវនៅខេត្តស្វាយរៀង ទៅជាដាំរោងចក្រ»?
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា កន្លងទៅមានមនុស្សមួយចំនួនបានយកប្រសាសន៍របស់សម្ដេចដែលលើកឡើងថា «តំបន់ខេត្ដស្វាយរៀង ថ្ងៃក្រោយយើងមិនបាច់ដាំស្រូវទេ យើងដាំរោងចក្រវិញ» យកទៅលេងសើច។
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅកម្ពុជាប្រសិនបើនិយាយពីសន្ដិសុខស្បៀង គឺកម្ពុជាមានច្រើនរហូតដល់នាំចេញទៅលក់នៅក្រៅប្រទេសរាប់លានតោន។ ឧទាហរណ៍ ដូចជាស្រូវ-អង្ករ ក្នុងមួយឆ្នាំៗ ក្នុងប្រទេសយើងប្រើអស់តែ៥ទៅ៦លានតោនប៉ុណ្ណោះ ក្រៅពីនោះ យើងផលិត១៤លានតោនសម្រាប់នាំចេញទៅក្រៅប្រទេស។
សម្ដេចធិបតី បន្ថែមថា ដូច្នេះយើងមិនចាំបាច់ប្រើផ្ទៃដីដូចរាល់ឆ្នាំដើម្បីផលិតស្រូវ នាំចេញតែស្រូវនោះទេ។ យើងអាចកាត់បន្ថយ ដោយយកផ្ទៃដីមួយចំនួនប្រែក្លាយពីដាំស្រូវទៅដាំដំណាំផ្សេងដែលបានចំណូលខ្ពស់ជាង ឬធ្វើឧស្សាហកម្មដែលមានចំណូលខ្ពស់ជាង។ សម្ដេចធិបតី ពន្យល់ថា បើយើងប្រែក្លាយដីពីធ្វើចម្ការ មកវិនិយោគបង្កើតរោងចក្រ ឧស្សាហកម្ម យើងអាចបង្កើតការងាររាប់ម៉ឺនកន្លែង បង្កើនចំណូលជូនជាតិរាប់ពាន់លានដុល្លារ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការបង្កើតការងារ និងបង្កើតឧស្សាហកម្មនេះហើយ ទើបជំរុញឱ្យជាតិយើងអភិវឌ្ឍ រីកចម្រើនកាន់តែខ្លាំង៕




