ហេតុអ្វីបានជារាជរដ្ឋាភិបាលជ្រើសរើសការចរចាទ្វេភាគីជាមួយថៃ ជាជម្រើសអទិភាពទី១ ក្នុងការដោះស្រាយបញ្ហាព្រំដែន?
ហេតុអ្វីបានជារាជរដ្ឋាភិបាលជ្រើសរើសការចរចាទ្វេភាគីជាមួយថៃ ជាជម្រើសអទិភាពទី១ ក្នុងការដោះស្រាយបញ្ហាព្រំដែន?
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ចំពោះយន្ដការទ្វេភាគី គឺជាផ្នែកមួយនៃការដោះស្រាយដោយយន្ដការការទូត និងច្បាប់អន្ដរជាតិ ដោយវាជាជម្រើសដែលធ្វើឱ្យយើងជៀសផុតពីការបង្ហូរឈាមឡើងវិញ។
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិធានការចរចាទ្វេភាគី បានធ្វើឱ្យយើងសម្រេចគោលដៅអទិភាពធំមួយ គឺការបញ្ចៀសការប្រើហិង្សា វាយគ្នាម្ដងទៀតយកទឹកដី ព្រោះថា ទោះវាយចុះ វាយឡើង ក៏នៅតែចរចាគ្នាដដែលទេ។
សម្ដេចធិបតី បានមានប្រសាសន៍បន្ថែមថា វិធានការចចារទ្វេភាគី គឺជាវិធានការលឿនបំផុត។ ប្រសិនបើប្រើប្រាស់យន្ដការផ្សេងទៀត គឺអាចប្រើពេលរាប់ខែ ឬរាប់ឆ្នាំ។ ហើយបើយន្ដការនេះដោះស្រាយដោយស្មោះត្រង់រវាងភាគីទាំងពីរ គឺងាយស្រួលបញ្ចប់ណាស់។ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាមិនចង់រំលោភដែនអធិបតេយ្យរបស់នរណាទេ ប៉ុន្ដែកម្ពុជាក៏មិនអាចឱ្យនរណាមករំលោភលើដែនអធិបតេយ្យរបស់ខ្លួនដែរ។ សម្ដេចថា យើងត្រូវប្រើប្រាស់យន្ដការដែលមានស្រាប់ ដើម្បីវាស់វែងឱ្យដឹងច្បាស់ ដោយផ្អែកតាមកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុសញ្ញា និងផែនទីដែលមានស្រាប់៕




