Close

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង

ដោយ៖Liching Yi | 3 ម៉ោងមុន កម្ពុជាថ្ងៃនេះ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវេលាម៉ោង១៣ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។

អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងគណៈប្រតិភូ ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំង រួមមាន ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រី នៃគណៈទាក់ទង ការបរទេស របស់ គណៈកម្មការកណ្តាល នៃ បក្សកុម្មុយនីស្តចិន ឯកឧត្តម ឆិន ហ្សូ (Chen Zhou) អនុរដ្ឋមន្ត្រី នៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន និងលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

សូមបញ្ជាក់ថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមានសម្ដេចពិជ័យសេនាទៀបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិនព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និង ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ទន្ទឹមនឹងនេះសម្តេចតេជោក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។

ទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់ អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណងនិងលើកកម្ពស់មិត្តភាពដែកថែបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឱ្យកាន់តែជោគជ័យបន្ថែមទៀត៕