ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ សម្តេចធិបតី បានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ សម្តេចធិបតី បានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
នៅក្នុងសារលិខិតជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមសម្តែងនូវការគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ទាំងយប់ទាំងថ្ងៃ ប្រកបដោយទេពកោសល្យ ភាពស្វាហាប់ ភាពបត់បែន ឆន្ទៈមោះមុតនិងចក្ខុវិស័យវែងឆ្ងាយក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រមុខរាជរដ្ឋាភិបាលដឹកនាំជោគ វាសនាប្រទេសជាតិដោយបានគិតគូរយ៉ាងម៉ត់ចត់ជាទីបំផុតចំពោះប្រជាជាតិកម្ពុជានិងសុខទុក្ខរបស់ប្រជាជនកម្ពុជា។
នៅក្នុងសារលិខិតក៏បានកោតសរសើរនិងស្ញប់ស្ញែងចំពោះសមិទ្ធផលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា តាមរយៈការពង្រឹង ភាពធន់និងសមត្ថភាពឆ្លើយតបរបស់កម្ពុជាចំពោះវិបត្តិនានា ការពង្រឹងសេដ្ឋកិច្ច វិនិយោគ ធុរកិច្ច សហគ្រាស ធុនតូចនិងមធ្យមពិសេសការដោះស្រាយបញ្ហាប្រឈមដែលពុំធ្លាប់មានពីមុនមកផ្ទួនៗគ្នាជាបន្តបន្ទាប់សំដៅធានាឱ្យព្រះរាជាណាចក្រកម្ពុជាបន្តរីកលូតលាស់ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជារយៈពេលវែង។
នៅក្នុងសារលិខិតដដែល ក៏បានបង្ហាញនូវមោទនភាពបំផុតនិងសម្តែងនូវការដឹងគុណចំពោះគុណូបការៈនិង ចំណាត់ការយ៉ាងម៉ឺងម៉ាត់និងប៉ិនប្រសប់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការការពារអធិបតេយ្យជាតិនិង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ទាំងសមរភូមិយោធា ការទូត ច្បាប់ និងសាធារណមតិអន្តរជាតិព្រមទាំងការដោះស្រាយបញ្ហាប្រជាជនភៀសសឹកផងដែរ៕




