Close

ថៃមិនអាចយកបញ្ហាព្រំដែនគោក មករារាំងដំណោះស្រាយព្រំដែនសមុទ្រឡើយ

ដោយ៖Liching Yi | 1 ម៉ោងមុន កម្ពុជាថ្ងៃនេះ ទស្សនៈ-នយោបាយ
ថៃមិនអាចយកបញ្ហាព្រំដែនគោក មករារាំងដំណោះស្រាយព្រំដែនសមុទ្រឡើយ ថៃមិនអាចយកបញ្ហាព្រំដែនគោក មករារាំងដំណោះស្រាយព្រំដែនសមុទ្រឡើយ

ការដែលថៃព្យាយាមយកបញ្ហាព្រំដែនគោកមកចងភ្ជាប់នឹងដំណើរការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ គឺជាជំហរដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នារបស់ខ្លួន។ បើថៃពិតជាចង់ដោះស្រាយជម្លោះ​ដោយ​សន្តិវិធី និងគោរពច្បាប់អន្តរជាតិ ហេតុអ្វីត្រូវយកបញ្ហាមួយមកធ្វើជាឧបសគ្គរារាំងបញ្ហាមួយទៀត? នៅ​ពេលវិវាទទាំងពីរមានក្របខ័ណ្ឌច្បាប់ និងយន្តការដោះស្រាយដាច់ដោយឡែកពីគ្នា ការភ្ជាប់ចំណងបញ្ហា​ទាំងនេះមិនមែនជាការស្វែងរកដំណោះស្រាយទេ ប៉ុន្តែជាចេតនានៃការបង្កើតឧបសគ្គ និងធ្វើឱ្យ​បាត់បង់​ទំនុកចិត្តរវាងប្រទេសទាំងពីរកាន់តែខ្លាំង។

ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការផ្សះផ្សាវិវាទព្រំដែនសមុទ្រ នៅទីក្រុងឡាអេ ប្រទេសហូឡង់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជាភ្នាក់ងារតំណាងកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហា​ព្រំដែនគោក និងព្រំដែនសមុទ្រ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ដែលមានក្របខ័ណ្ឌច្បាប់ និងយន្ត​ការបច្ចេកទេសផ្សេងៗគ្នា ហើយបានដំណើរការដាច់ដោយឡែកពីគ្នាអស់រយៈពេល ២៥ ឆ្នាំមកហើយ។ នេះមិនមែនជាការបកស្រាយថ្មីដែលកម្ពុជាបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយនោះទេ ប៉ុន្តែជាការរំលឹកពីរបៀបដែលបញ្ហាទាំងពីរត្រូវបានដោះស្រាយតាំងពីដើមមក។

ដូច្នេះប្រសិនបើ ថៃចាត់ទុកថា បញ្ហាព្រំដែនគោកកំពុងជួបការលំបាក ឬយន្តការណាមួយមិនដំណើរការ នោះថៃគួរតែបង្ហាញហេតុផលតាមក្របខ័ណ្ឌដែលពាក់ព័ន្ធ ហើយបន្តស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហានោះដោយឡែកវិញ។ ការយកបញ្ហាគោកមកភ្ជាប់ជាមួយសមុទ្រ ដើម្បីធ្វើឱ្យដំណើរការមួយជាប់​គាំង​ដោយសារបញ្ហាមួយទៀត គឺជាវិធីសាស្ត្រដែលមិនអាចបង្កើតទំនុកចិត្តគ្នាបានឡើយ។ ប្រសិនបើ​គ្រប់បញ្ហាទាំងអស់ត្រូវបានចងភ្ជាប់គ្នាតាមឆន្ទៈនយោបាយរបស់ភាគីណាមួយ នោះកិច្ចព្រមព្រៀង និង​យន្តការច្បាប់នឹងបាត់បង់តម្លៃជាក់ជាមិនខាន ហើយការដោះស្រាយជម្លោះនឹងក្លាយជាចំណាប់ខ្មាំង​នៃ​ការ​ប្រឈមមុខគ្នាដោយគ្មានទីបញ្ចប់ឡើយ។

ចំណុចដែលធ្វើឱ្យជំហររបស់ថៃកាន់តែមានភាពមិនច្បាស់លាស់នោះ គឺការសម្រេចបញ្ចប់​ជាឯកតោ​ភាគីនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់​ដែល​មានស្រាប់ ​សម្រាប់​ដោះ​ស្រាយវិវាទព្រំដែនសមុទ្រ ហើយបន្ទាប់មកបែរជា​ភ្ជាប់បញ្ហាដែល​នៅសេសសល់នៅព្រំដែនគោកមកជាឧបសគ្គដល់ដំណើរការសមុទ្រទៅវិញ។ ត្រង់ចំណុចនេះ ភាគីថៃត្រូវ​តែ​ឆ្លើយឱ្យច្បាស់ថា ប្រសិនបើខ្លួនមិនចង់បន្តប្រើយន្ត​ការ​ដែល​មានស្រាប់ ហើយក៏មិនចង់ឱ្យដំណើរ​ការផ្សះផ្សាជាអន្តរជាតិនេះបន្តទៅមុខ តើថៃចង់ឱ្យវិវាទនេះចេញតាមច្រកណាបាន?

កម្ពុជាបានជ្រើសរើសយកយន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ដើម្បីបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី បន្ទាប់ពីយន្តការទ្វេភាគីត្រូវរង​ផលប៉ះ​ពាល់ដោយការសម្រេចចិត្តលប់ចោលជាឯកតោភាគីរបស់ថៃ។ នេះបង្ហាញថា កម្ពុជាមិនបានបិទទ្វារចរចា ឬបោះបង់​ការស្វែងរកដំណោះស្រាយនោះទេ។ ផ្ទុយទៅវិញ កម្ពុជាកំពុងព្យាយាមរក្សាវិវាទឱ្យស្ថិតនៅក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បីឱ្យភាគីទាំងពីរមានឱកាសបង្ហាញទឡ្ហីករណ៍ និងស្វែងរកដំណោះស្រាយ​ដោយមិន​ចាំបាច់​ប្រើ​កម្លាំង ឬការដាក់សម្ពាធគ្នាទៅវិញទៅមក។
 
បើថៃអះអាងថាខ្លួនគោរពច្បាប់ និងចង់បានសន្តិភាព នោះការគោរពយន្តការដោះស្រាយវិវាទ និងការមិន​យក​បញ្ហា​មួយទៅចងភ្ជាប់ជាមួយបញ្ហាមួយទៀត គួរតែជាភស្តុតាងជាក់ស្តែង​នៃការអះអាង​នោះ។ ការ​និយាយ​ពីសន្តិភាពដោយមិនព្រមទុកឱកាសឱ្យយន្តការដោះស្រាយបញ្ហាដំណើរការទៅមុខ គឺជាភាព​ផ្ទុយ​គ្នាស្រឡះដែលមិនអាចទទួលយកបាន។

ជាការពិតណាស់បញ្ហាព្រំដែនគោក និងសមុទ្រអាចមានឥទ្ធិពលលើបរិយាកាសទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរ។ ភាពតានតឹងនៅលើគោកអាចធ្វើឱ្យការចរចានៅសមុទ្រកាន់តែពិបាក ប៉ុន្តែការទទួលស្គាល់​ការ​ពិត​នេះ មិនមានន័យថាត្រូវយកបញ្ហាទាំងពីរមកចងជាប់គ្នានោះទេ។ ផ្ទុយទៅវិញ វាជាហេតុផលឱ្យថៃ​ត្រូវ​កាត់​​បន្ថយភាពតានតឹង និងគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសបទឈប់បាញ់ និងសេចក្តី​ប្រកាស​រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្កើតឱកាស​អំណោយផលសម្រាប់ការ​ដោះស្រាយ​វិវាទ​ទាំងមូលបាន។

ការដែលគណៈកម្មាធិការផ្សះផ្សាបានទទួលយកសំណើរបស់កម្ពុជាបញ្ចូលចំណុចពាក់ព័ន្ធទៅក្នុងកញ្ចប់វិធានការកសាងទំនុកចិត្តនោះ គឺជាចំណុចដែលកម្ពុជាអាចបន្តប្រើប្រាស់​ក្នុងការ​ការ​ពារជំហររបស់ខ្លួន​លើ​ឆាកអន្តរជាតិបានហើយ។ ប៉ុន្តែការងារមិនទាន់ចប់ត្រឹមចំនុចនេះទេ កម្ពុជានឹងបន្តប្រកាន់​ជំហរយ៉ាង​ច្បាស់លាស់ រៀបចំភស្តុតាងឱ្យបានរឹងមាំ និងបង្ហាញឱ្យសហគមន៍អន្តរជាតិយល់កាន់តែច្បាស់ថា កម្ពុជា​កំពុងព្យាយាម​ស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ មិនមែនស្វែងរកការប្រឈមមុខដាក់គ្នានោះ​ឡើយ។ ជាចុងក្រោយ ថៃត្រូវយល់ថា ការសម្រេចចិត្តណាមួយជាឯកតោភាគីមិនអាចមានន័យថា ខ្លួនមានសិទ្ធិ​ជាអ្នកកំណត់​ថាតើ​វិវាទនោះត្រូវបន្ត ឬត្រូវជាប់គាំងតាមចិត្តដែលខ្លួនចង់បាននោះទេ។ ការខ្វែង​គំនិត​គ្នានេះក៏មិនមែន​ជា​លេស​​សម្រាប់​បិទ​ផ្លូវដោះស្រាយបញ្ហា ហើយភាពតានតឹងនៅព្រំដែន​គោកក៏មិន​ត្រូវ​ប្រើជា​ឧបករណ៍​​រារាំង​ដំណើរ​ការព្រំដែនសមុទ្រដែរ។ ប្រសិនបើថៃពិតជាចង់ឱ្យមានសន្តិភាពយូរអង្វែង ត្រូវ​ចាប់ផ្តើមពីការ​គោរព​កិច្ចព្រម​ព្រៀង ការគោរពយន្តការច្បាប់ និងបញ្ឈប់ការភ្ជាប់បញ្ហា​ដែលមានក្រប​ខ័ណ្ឌ​ដាច់ដោយ​ឡែក​មកធ្វើជា​ឧបសគ្គក្នុងដំណើរការដោះស្រាយ​បញ្ហានេះ។

សម្រាប់កម្ពុជា អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ជាតិ គឺជារឿងដែលមិនអាច​ចរចា​ដោះដូរបានឡើយ។ កម្ពុជាបន្តការពារជំហររបស់ខ្លួនដោយភាពម៉ឺងម៉ាត់ ប្រើការទូតប្រកបដោយយុទ្ធ​សាស្ត្រ និងគោរពច្បាប់អន្តរជាតិ។ ការរក្សាសន្តិវិធីមិនមែនជាភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញថា កម្ពុជាការពារសិទ្ធិរបស់ជាតិដោយមានមូលដ្ឋានច្បាប់ និងភស្តុតាងច្បាស់លាស់។ ចំណែកឯការ​គោរព​កិច្ចព្រមព្រៀង និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរបស់ភាគីនីមួយៗ នឹងបង្ហាញឱ្យសហគមន៍​អន្តរជាតិឃើញពីការប្តេជ្ញាចិត្តពិតប្រាកដរបស់ខ្លួន៕

ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង