សម្ដេចធិបតី ឆ្លើយតបទៅ អ៊ុ សំអាន ដោយផ្តល់លក្ខខណ្ឌចំនួន៤ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ ក្នុងការជជែកផ្ទៀងផ្ទាត់រឿងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២និង៥៩
សម្ដេចធិបតី ឆ្លើយតបទៅ អ៊ុ សំអាន ដោយផ្តល់លក្ខខណ្ឌចំនួន៤ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ ក្នុងការជជែកផ្ទៀងផ្ទាត់រឿងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២និង៥៩
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈបណ្ដាញសង្គម បានឆ្លើយតបទៅ លោក អ៊ុ សំអាន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ខ្ញុំសូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់និងក្រុមជំនាញព្រំដែនរបស់គាត់អោយនាំយកនូវឯកសារនិងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២និង៥៩មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជាដើម្បីបង្ហាញអំណះអំណាងរបស់លោកដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃនៅកន្លែងនោះ។
ក្នុងរយៈពេលជិត២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវ៉ៃបែក ក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែង ទោស, ម្តងគាត់ថាមានឯកសារនិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ (ឬធ្វើ) កិច្ចការនយោបាយ។ល។
ជំហររបស់ខ្ញុំគឺច្បាស់លាស់និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឲ្យខ្មែរបាត់បង់ទឹកដីទៅថៃ។
ហេតុដូច្នេះ ដើម្បីអោយមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ៖
១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់លើប្រធានបទតែមួយគត់ គឺមកជជែកនិងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោកនិងក្រុមលោកបានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវ៖
– រៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ ដឹងពីបច្ចេកទេសព្រំដែន
– ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បីមកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់។
២. មិនត្រូវធ្វើសកម្មភាពអ្វីក្រៅពីការជជែកនិងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសការឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយគ្រប់រូបភាព (មិនថាសម្ងាត់ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយអោយខ្លី គឺកុំធ្វើជាត្រីងៀត ឆ្លៀតពង។
៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនិងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ។
៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នានិងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់។
ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែកនិងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។
ករណីលោក អ៊ុ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់៖
១. សមាសភាពដែលត្រូវចូលរួមនិងពេលវេលាដែលត្រូវមកដល់កម្ពុជា។
២. តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឲ្យលោក
និងក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំអោយបានសមរម្យ៕




