រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ថា កម្ពុជាមិនចាំបាច់ដើរតួជាជនរងគ្រោះទេ ព្រោះយើងបានរងគ្រោះរួចទៅហើយ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាមិនចាំបាច់ធ្វើជាជនរងគ្រោះនោះទេ ព្រោះកម្ពុជាពិតជាបានទទួលរងគ្រោះរួចទៅហើយ ដែលកន្លងមកភាគីថៃតែងតែខិតខំរារាំងមិនឱ្យកម្ពុជានិយាយអំពីការពិតនៅលើវេទិកាអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែបន្តលាតត្រដាងការពិតនេះទៅកាន់ឆាកអន្តរជាតិជាដរាប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបែបនេះ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសអញ្ជើញផ្តល់កិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ។ នាឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានយល់ស្របថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការនិយាយការពិតទៅកាន់ពិភពលោក ពាក់ព័ន្ធនឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ភាគីថៃ។
ទន្ទឹមនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ថា យើងត្រូវការពារជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង ដាច់ខាតត្រូវតែបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់យោធាថៃ ជាពិសេសការកាន់កាប់លើភូមិទាំងឡាយរបស់ប្រជាជនយើង។ ជាមួយគ្នានេះ កម្ពុជាក៏បានទាមទារឱ្យប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ មានសិទ្ធិវិលត្រឡប់ទៅកាន់គេហដ្ឋានដើមរបស់ពួកគេវិញដោយគ្មានការរារាំងឡើយ៕



