ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សំណើចំនួន ៤ចំណុចរបស់កម្ពុជា ទទួលបានការគាំទ្រពីគណៈកម្មការ UNCLOS ដើម្បីបន្ធូរភាពតានតឹងជាមួយថៃ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សំណើចំនួន ៤ចំណុចរបស់កម្ពុជា ទទួលបានការគាំទ្រពីគណៈកម្មការ UNCLOS ដើម្បីបន្ធូរភាពតានតឹងជាមួយថៃ
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្នុងស្ថានភាពជម្លោះ និងភាពតានតឹងដែលធ្វើឱ្យការទុកចិត្តគ្នាចុះខ្សោយ ដើម្បីស្តារទំនុកចិត្ត និងឈានទៅរកដំណោះស្រាយសន្តិវិធី កម្ពុជាបានដាក់ចេញនូវសំណើចំនួន ៤ ចំណុច ដែលទទួលបានការគាំទ្រ និងឯកភាពពីគណៈកម្មាធិការផ្សះផ្សារួមមាន៖
១. ការធ្វើទំនាក់ទំនងសាធារណៈប្រកបដោយលក្ខណៈស្ថាបនា គឺភាគីទាំងពីរត្រូវប្រកាត់យកការប្រាសស្រ័យទាក់ទងជាសាធារណៈក្នុងន័យវិជ្ជមាន ដោយចៀសវាងដាច់ខាតនូវពាក្យពេចន៍ញុះញង់ ឬវោហាសាស្ត្រណាដែលបំពុលបរិយាកាសនៃការចរចា។
២. រាល់វិធានការទាំងអស់ត្រូវធ្វើឡើងដើម្បីបន្សាបភាពតានតឹង និងរក្សាស្ថានភាពដើម ហើយជាពិសេស ត្រូវចៀសវាងការគំរាមកំហែង ឬប្រើប្រាស់កម្លាំងយោធានៅតំបន់សមុទ្រពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ និងរបរនេសាទរបស់ប្រជាពលរដ្ឋ។
៣. ស្នើដំឡើងកម្រិតតំណាងការទូត (តាមរយៈការបញ្ជូនអនុប្រធានបេសកកម្មត្រឡប់ទៅវិញ) បន្ទាប់ពីបានធ្លាក់ចុះមកត្រឹមលេខាធិការទី២ ពីព្រោះការធ្វើបែបនេះ គឺដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនងផ្ទាល់រវាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហានានាតាមផ្លូវការទូត ជំនួសឱ្យផ្លូវយោធា។
៤. ជំរុញឱ្យភាគីថៃអនុវត្តដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងចាស់ៗ ជាពិសេសបទឈប់បាញ់ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ហើយទោះបីគណៈកម្មាធិការផ្តោតលើដែនសមុទ្រក៏ដោយ ប៉ុន្តែភាពតានតឹងលើដីគោកពិតជាជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការផ្សះផ្សានៅសមុទ្រ ដូច្នេះការគោរពកិច្ចព្រមព្រៀងដីគោកគឺជារឿងមិនអាចខ្វះបានឡើយ។
សូមជម្រាបជូនថា គណៈកម្មាធិការផ្សះផ្សានឹងបន្តបើកកិច្ចប្រជុំលើកទី៣ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា មុនពេលវិលត្រឡប់មកបើកកិច្ចប្រជុំលើកទី៤ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅចុងខែមករា ឆ្នាំ២០២៧ ខាងមុខ។



